ទំនុកចិត្ត​លើ​លោក ត្រាំ ធ្លាក់ចុះ​ទាប​បំផុត​ក្រោយ​ដឹកនាំ​បាន​ជិត​១​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2017 ក+ ក-

​អាមេរិក ៖ តាម​សេចក្ដីរាយការណ៍​របស់​ទូរទស្សន៍ ABC តាមរយៈ​របាយការណ៍​ស្ទង់​មតិ​មួយ​ថា ពលរដ្ឋ​អាមេរិក​ដល់​ទៅ​៦៥​ភាគរយ​បាន​និយាយថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ សម្រេច​ការងារ​បាន​តិចតួច​ប៉ុណ្ណោះ នៅក្នុង​អំឡុងពេល​កាន់អំណាច​រយៈពេល​ជិត​មួយឆ្នាំ​មកនេះ​។
​ផ្ទុយទៅវិញ អ្នកឆ្លើយ​តប​តែ​៣៧​ភាគរយ​ប៉ុណ្ណោះ យល់ស្រប​ទៅនឹង​ប្រសិទ្ធភាព​ការងារ​របស់លោក ត្រាំ ដែល​នេះ​គឺជា​តួលេខ​ទាប​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក បើ​ធៀប​នឹង​ប្រធានាធិបតី​ដទៃទៀត​គិត​ចាប់តាំងពី​ឆ្នាំ​១៩៤៦​មក បន្ទាប់ពី​លោក ត្រាំ បាន​ឡើងកាន់តំណែង​បាន​រយៈពេល​៩​ខែ​ដំបូង​។​
​ការស្ទង់មតិ​នោះ បាន​រកឃើញ​ទៀតថា អ្នក​ឆ្លើយតប​ដល់​ទៅ​៥៥​ភាគរយ និយាយថា លោក ត្រាំ នឹងមិន​ធ្វើតាម​ការសន្យា​ដែល​លោក​បាន​ប្ដេជ្ញា​នៅ​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នោះទេ ដែល​តួលេខ​នេះ​បង្ហាញ​នូវ​ការកើនឡើង​ពី​អត្រា​៤១​ភាគរយ នៅក្នុង​ការស្ទង់មតិ​មួយ​កាលពី​ខែមេសា​កន្លងមក ពោលគឺ ១០០​ថ្ងៃក្រោយ​លោក ត្រាំ ឡើងកាន់តំណែង​។​
​ការស្ទង់មតិ​ក៏បាន​ចោទសួរ​ផងដែរ​ថា តើ​លោក ត្រាំ ជា​មេដឹកនាំ​ខ្លាំង​ម្នាក់​ឬទេ​។ ជាការ​ឆ្លើយតប ពលរដ្ឋ ៤០​ភាគរយ​ប៉ុណ្ណោះ​យល់ស្រប ប៉ុន្តែ តួលេខ​នេះ​បង្ហាញ​ពី​ការធ្លាក់ចុះ​ពី​ចំនួន ៥៣​ភាគរយ នៅក្នុង​ការស្ទង់មតិ​កាលពី​ខែមេសា​កន្លងមក​។​
​សូមបញ្ជាក់ថា លោក ត្រាំ បាន​ឡើង​ដឹកនាំ​អាមេរិក​បន្ត​ពី​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃទី​២០ ខែមករា​ក្នុងឆ្នាំនេះ បន្ទាប់ពី​លោក​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​៕