ព្យុះ​ទី​ហ្វុ​ង​ដំរី​វាយប្រហារ​ភាគខាងត្បូង​វៀតណាម​សម្លាប់​មនុស្ស​កើន​ដល់​៨៩​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2017

ហាណូយ ៖ ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់ ៨៩​នាក់​ហើយ និង​ប្រមាណ​១៨​ផ្សេងទៀត​នៅតែ​បន្ត​បាត់​ខ្លួន​ដដែល ខណៈដែល​មនុស្ស​១៧៤​នាក់​រងរបួស​ដោយសា​រ​ព្យុះ​ទី​ហ្វុ​ង​ដំរី​ដែល​បាន​វាយលុក​យ៉ាង​ចាស់ដៃ នៅតាម​បណ្តាញ​ឆ្នេរ​ភាគ​កណ្តាល និង​ភាគខាងត្បូង​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​។ នេះ​បើតាម​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ព្រឹក​នេះ​។​
​រដ្ឋាភិបាល​វៀតណាម គិត​ចាប់​តាំងតែ​ពី​ព្យុះ​កំណាច​ខាងលើ បានធ្វើ​ដំណើរ​មកដល់​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​មក មនុស្ស​សរុប​កើន​ដល់​៨៩​នាក់ បាន​បាត់​បង់ជីវិត នៅក្នុង​គ្រោះទឹកជំនន់ និង​រអិល​បាក់​ដី ព្រមទាំង​ក្នុង​ហេតុការណ៍​លិច​ទូក នៅ​ឯនាយសមុទ្រ ខណៈ​មនុស្ស​ប្រមាណ​១៨​ផ្សេងទៀត នៅតែ​បន្ត​បាត់​ខ្លួន​ដដែល និង​១៧៤​នាក់​រងរបួស​។ ក្រៅពីនេះ លំនៅឋាន​ជាង​២,០០០​ខ្នង​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង និង​ច្រើនជាង​១១០,០០០​ខ្នង​ទៀត រង​ការខូចខាត ហើយ​សត្វ​ចិញ្ចឹម​ជិត ១០,០០០​ក្បាល​បាន​ងាប់​។​
​ព្យុះ​ទី​ហ្វុ​ង​ដំរី គឺជា​ព្យុះ​ដ៏​កំណាច​ចុងក្រោយ​គេ​បង្អស់ ដែល​បាន​បោកបក់​មកលើ​បណ្តោយ​ឆ្នេរ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៧​នេះ ខណៈ​មនុស្ស​យ៉ាងតិច ២៤០​នាក់ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់ ឬក៏​បាត់​ខ្លួន នៅក្នុង​គ្រោះទឹកជំនន់ និង​រអិល​បាក់​ដី ចាប់​តាំងពីដើម​ឆ្នាំនេះ​។​
​សូមបញ្ជាក់ថា ព្យុះ​ទី​ហ្វុ​ង​ដំរី​នេះ បាន​វាយប្រហារ​មកលើ​ប្រទេស​អាស៊ាន​មួយ​នេះ នៅមុន​ប្រទេស​នេះ គ្រោង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​សន្និសីទ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា APEC នៅឯ​ទីក្រុង​ដា​ណា​ង នា​សប្តាហ៍​ក្រោយ​។ កិច្ចប្រជុំ​កំពូល​នេះ នឹងមាន​ការចូលរួម​ពី​សំណាក់ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​, ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​, និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ផងដែរ​៕