ដំណើរ​​ទៅកាន់​តំបន់​គ្មាន​យោធា​ក្នុងប្រទេស​កូរ៉េខាងត្បូង​របស់លោក ត្រាំ ត្រូវ​លុបចោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2017 ក+ ក-

​កូរ៉េខាងត្បូង ៖ ស្ត្រី​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា ដំណើរ​បំពេញ​ទស្សនកិច្ច​ដែល​មិនបាន​ប្រកាស​ជាមុន​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ទៅកាន់​តំបន់​គ្មាន​យោធា​ក្នុងប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ពុធ​នេះ​ត្រូវបាន​ខកខាន​ដោយសារតែ​អាកាសធាតុ​មិន​អំណោយផល​។ ដំណើរ​បំពេញ​ទស្សនកិច្ច​ដែល​ខកខាន​នេះ​បានធ្វើ​ឡើង​ក្នុង​រយៈពេល​មួយថ្ងៃ​បន្ទាប់ពី​លោក ត្រាំ បាន​ជំរុញ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​ងាក​មករក​តុ​ចរចា​វិញ​។​
​ស្ត្រី​អ្នកនាំពាក្យ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ជេ​អ៊ី​ន (Moon Jae-in) ក៏បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​គ្មាន​យោធា​នោះ​ជាមួយ​លោក ត្រាំ ផងដែរ ប៉ុន្តែ​ដោយសារ​តែមាន​ការចុះ​អ័ព្ទ​ខ្លាំង​ទើប​បង្ខំ​ឲ្យ​វិលត្រឡប់​មកវិញ​។​
​សូមបញ្ជាក់ថា ថ្ងៃ​ពុធ​នេះ​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់លោក ត្រាំ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​១២​ថ្ងៃ​របស់លោក​នៅក្នុង​តំបន់​អាស៊ី​ដើម្បី​ពិភាក្សា​អំពី​ពាណិជ្ជកម្ម និង​បញ្ហា​ប្រទេស​កូរ៉េខាងជើង​៕