សម្តេច ហ៊ុន សែន អះអាងថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សមេ​ច​តេ​ជោ ហ៊ុន សែន បានប្រកាស​និង​អះអាង​ជាថ្មី​ម្តង​ទៀតថា កម្ពុជា​នឹង ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ខាងមុខ ហើយ​គម្រោង​នេះ​មិន​ត្រូវបាន​ផ្លាស់ប្តូរ​នោះ ទេ ។ ការ​ថ្លែង​បែប​នោះ​ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប្រមាណ ១៥០០០​នាក់ កាលពី​ព្រឹក​មិញ នៅ​តំបន់​ចំការ​ដូង ។​
សម្តេច ហ៊ុន សែន បាន​ថ្លែងថា មូល​ហេតុដែល​សម្តេច​មិន​សម្រេច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​មុន​ឆ្នាំ​២០២៣​នោះ ដោយសារតែ​កម្ពុជា​ត្រូវការ​ពេលវេលា ត្រូវការ​ថវិកា ដើម្បី​សាងសង់ ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​សំខាន់ៗ មួយចំនួន ។ សម្តេច​ថា ការចំណាយ​លើ​ការរៀបចំ​ស៊ី​ហ្គេម​ម្តងៗ គឺមាន​ប្រមាណ​៥០០​លាន​ដុល្លារ​ឯណោះ ។ ដូច្នេះ​យើង​ត្រូវការ​ថវិកា​ទាំងនោះ ដើម្បី​សាងសង់ ប្រទេសជាតិ​សិន ។​
យ៉ាងណាក៏ដោយ សម្តេច​ថ្លែង​អះអាងថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ដោយ​មិន​ផ្លាស់ប្តូរ​ទេ ហើយ​សង្ឃឹមថា សម្តេច​នឹងមាន​វត្តមាន​ក្នុង​ពិធី​បើក​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​ផងដែរ ។​
សូមជម្រាបថា កន្លងទៅនេះ​មាន​លេចឮ​ព័ត៌មាន​ក្រៅ​ផ្លូវ​ថា សម្តេច​បានសម្រេច​លុប ចោល​គម្រោង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នោះ​ហើយ ។ ប៉ុន្តែ​ឥឡូវ​ច្បាស់លាស់ ហើយ​ថា កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ គឺ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ ៕