ទង្វើ​ក្លែងបន្លំ​របស់​ទណ្ឌិត សម រង្ស៊ី ជា​បទល្មើស​ថ្មី​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ម៌​បាន​ឲ្យ​ដឹងថា ទង្វើ​ក្លែងបន្លំ​របស់ ទណ្ឌិត សម រង្ស៊ី ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពេលនេះ បង្កើតបាន ជា​បទល្មើស​ព្រហ្មទណ្ឌ​សម្រាប់​ខ្លួនឯង​ផង និង​នាំឱ្យ CNRP ប្រឈមមុខ​នឹង​ច្បាប់ គណបក្ស នយោបាយ​ថែមទៀត ។ លោក​ថា អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ​គឺ​លោក សម រង្ស៊ី បាន​ជម្រុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឆាប់​រំលាយ​តែម្តង ។​
​សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះហត្ថលេខា ក្នុងនាម​តំណាងរាស្ត្រ​បក្សប្រឆាំង​នៅលើ​សេចក្តីថ្លែងការណ៍​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស កាលពី​ម្សិលមិញ​ដែល​បង្ហាញ​អំពី​ជំហរ​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា រួមទាំង​ជំហរ​ដ៏​រឹងមាំ​របស់​គណបក្ស​ទាំងមូល​ផងដែរ ។ ប៉ុន្តែ​មន្ត្រី​អ្នកច្បាប់ បាន​អះអាងថា លោក សម រង្ស៊ី បាន​ក្លែងបន្លំ​ចុះហត្ថលេខា​ក្នុងនាម​តំណាងរាស្ត្រ​ក្នុងពេលដែល លោក​បាន​លាលែង​ចេញ​ទាំង​អស់ពី​គណបក្ស​សង្គ្រោះ​ជាតិ ។​
​អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​លាលែង​ទាំងអស់ ចេញពី​គណបក្ស​នេះ​រួចហើយនោះ បាន​ក្លែងបន្លំ​ខ្លួន​ចុះហត្ថលេខា​ធ្វើជា​តំណាង រាស្ត្រ​មួយរូប ក្នុងចំណោម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លើ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​បានជា​សំឡេង​បង្ហាញ​ជំហរ ប្តេជ្ញាចិត្ត​នៅ​ជាមួយ​គណបក្សប្រឆាំង​។​
​សូមជម្រាបថា បើតាម​ច្បាប់​គណបក្សនយោបាយ​ថ្មី រាល់​គណបក្សនយោបាយ​ទាំងអស់ មិន​អនុញ្ញាតឱ្យ ប្រើប្រាស់​សំឡេង ឬ​សេចក្តីថ្លែងការណ៍​របស់​ទណ្ឌិត ដើម្បី​ជា​ប្រយោជន៍ គណបក្ស នយោបាយ​ឡើយ​។ គណបក្សនយោបាយ ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​នេះ នឹងត្រូវ​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕