គ​.​ជ​.​ប ៖ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៥២​ម៉ឺន​នាក់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ រយៈពេល​៦៩​ថ្ងៃ មាន​ប្រជាពលរដ្ឋ​ចំនួន​៥២៥,៤៥៩​នាក់ ស្មើនឹង ៣២.៣១​ភាគរយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដែល​សរុប​ចំនួន​ពលរដ្ឋ​ឈ្មោះ​បោះឆ្នោត​បណ្ដោះអាសន្ន​មាន​ចំនួន​៨,៣៧០,៥៨៥​នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
​សេចក្ដីប្រកាស​បាន​បន្ត​ថា រយៈពេល​៦៩​ថ្ងៃ​ដូចគ្នា ប្រជាពលរដ្ឋ​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ មាន​ចំនួន ១៩,៩០៧​នាក់ និង​អ្នក​ត្រូវ​កែតម្រូវ​ឈ្មោះ​មាន​ចំនួន ៥,៤៩៣​នក់​។​
​តាម​ការប៉ាន់ស្មាន​រប​ស់ គ​.​ជ​.​ប ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​មក​ចុះ​បោះឆ្នោត ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ មាន​ជាង​១.៦​លាន​នាក់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ​៩.៨​លាន​នាក់​។​
​សូមបញ្ជាក់ថា ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ មាន​ចំនួន​៧០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧៕