សម្ដេច ហ៊ុន សែន ៖ ប្រទេស​ណា​មិន​ទទួលស្គាល់ លទ្ធផល​បោះឆ្នោត​កម្ពុជា​ជា​រឿង​របស់គេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ថា ប្រទេស​ទាំងឡាយណា ដែល​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​កម្ពុជា គឺជា​រឿង​របស់​ប្រទេស​នោះ សំខាន់​ឲ្យ​តែ​ប្រជាពលរដ្ឋ​ខ្មែរ ទទួលស្គាល់​ទៅបាន​ហើយ ហើយ​កម្ពុជា ក៏​មិនបាន​ចាប់បង្ខំ​ឲ្យ​ទទួលស្គាល់​នោះដែរ​។​
​សម្តេច​ថ្លែង​បែបនេះ​នាឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​នាវា​យុវជន​អាស៊ីអាគ្នេយ៍ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ ។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា គ្មាន​ប្រទេស​ណាមួយ នៅក្នុង​ពិភពលោក​គ្មាន​បញ្ហា​នោះទេ ហើយ​ចង់​ឲ្យ​ប្រទេស​នីមួយៗ ធ្វើ​កិច្ចការ​របស់​ប្រទេស​ខ្លួនឯង​ទៅ កុំមក​ជ្រៀតជ្រែក​លើ​កិច្ចការងារ​ផ្ទៃក្នុង​របស់​កម្ពុជា​។​
​សម្ដេច​តេ​ជោ​បញ្ជាក់ថា “​យើង​នឹង​រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា ២៥ កុម្ភៈ បោះឆ្នោត​សភា ២៩ មករា​។ ទោះ​អ្នក​មិន​ទទួលស្គាល់ ជា​រឿង​របស់​អ្នកឯង សំខាន់​ពលរដ្ឋ​របស់​យើង ទទួលស្គាល់​ហើយ ការបោះឆ្នោត​បាន​ហើយ​”​។​
​សម្ដេច​តេ​ជោ សង្ឃឹមថា បញ្ហា​ប្រទេស​របស់​កម្ពុជា ទុក​ឲ្យ​កម្ពុជា ដោះស្រាយ កុំមក​ជ្រៀតជ្រែក ហើយ​កម្ពុជា ប្តេជ្ញា​គោរព​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ សម្ដេច​ថា កម្ពុជា អត់​មាន​អញ្ជើញ​ឲ្យ​ប្រទេសក្រៅ មក​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​ទេ​
​សូមបញ្ជាក់ថា ការប្រកាស​របស់​សម្តេច​តេ​ជោ បែបនេះ បន្ទាប់ពី​លោក ថិ​ដ គ្រូ​ស៍ (Ted Cruz) សមាជិក​ព្រឹទ្ធសភា​អាមេរិក កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា​ម្សិលមិញ បាន​លើកឡើងថា បើ​គ្មាន​ការដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅពេល​បោះឆ្នោត​ឆ្នាំ​២០១៨​នោះទេ សហរដ្ឋអាមេរិក និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត មិន​ទទួលស្គាល់​លទ្ធផល​ការបោះឆ្នោត​ថ្នាក់ជាតិ នៅ​កម្ពុជា ជាដាច់ខាត​៕