ប្រទេស​៣​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 November, 2017

​អាល្លឺម៉ង់ ៖ នៅក្នុង​ស​ន្ទ​ស្សន៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ​ថា ប្រទេស​ហៃ​ទី​ដែល​ត្រូវបាន​រង​ការវាយប្រហារ​ពី​ខ្យលព្យុះ​កំបុតត្បូង​ដ៏​មាន​ឥទ្ធិពល​កាលពី​ឆ្នាំមុន​នោះបាន​ស្ថិតក្នុង​លេខ​រៀង​ទី​១​នៃ​ប្រទេស​ដែល​រងគ្រោះ​ខ្លាំងជាងគេ​បំផុត​នៅលើ​ពិភពលោក​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​នៅក្នុង​ឆ្នាំ​២០១៦​។​
​ប្រទេស​ស៊ីម​បា​វ៉េ​ដែល​បានទទួល​រងគ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​បាន​ស្ថិតក្នុង​លេខ​រៀង​ទី​២ ហើយ​ប្រទេស​ហ្វ៊ី​ជី​ដែល​បាន​រង​ការវាយប្រហារ​ដោយ​ព្យុះ​ស៊ីក្លូន​ត្រូពិច​ដ៏​ខ្លាំង​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ដែន​កោះ​របស់គេ​នោះបាន​ស្ថិតក្នុង​លេខ​រៀង​ទី​៣​នៅក្នុង​ស​ន្ទ​ស្សន៍​ហានិភ័យ​អាកាសធាតុ​ដែល​ចេញផ្សាយ​ប្រចាំឆ្នាំ​ដោយ​អង្គការ​ជឺ​មេន វ៉​ច (Germanwatch) ដែលជា​អង្គការ​បរិស្ថាន​មិន​រកប្រាក់​ចំណេញ​មាន​មូលដ្ឋាន​ក្នុងប្រទេស​អាល្លឺម៉ង់​។​
​ស​ន្ទ​ស្សន៍​ហានិភ័យ​អាកាសធាតុ​បានបង្ហាញ​ថា សហរដ្ឋអាមេរិក​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​១០ ដោយមាន​អ្នកស្លាប់​ចំនួន​២៦៧​នាក់ ហើយ​ទំហំ​ទឹកប្រាក់​នៃ​ការខូចខាត​ដែល​បណ្តាលមកពី​អាកាសធាតុ​មាន​ចំនួន​៤៧.៧​ពាន់​លាន​ដុល្លារ​អាមេរិក​។​
​យោងតាម​របាយការណ៍​នោះ​, នៅ​ចន្លោះ​ឆ្នាំ​១៩៩៧ និង​ឆ្នាំ​២០១៦, មនុស្ស​ជាង​៥២​ម៉ឺន​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​បញ្ហា​អាកាសធាតុ​ជាង​១​ម៉ឺន​១​ពាន់​ករណី​ដែល​រួមមាន​ដូចជា​ព្យុះ​, ទឹកជំនន់ និង​រលក​កំដៅ​នៅ​ទូទាំង​ពិភពលោក​។ ហើយ​ការខូចខាត​ផ្នែក​សេដ្ឋកិច្ច​មាន​ចំនួន​ប្រហែល​៣.១៦​ទ្រី​លាន​ដុល្លារ​អាមេរិក​។​
​គួរ​បញ្ជាក់ថា ប្រទេស​ហ្វ៊ី​ជី​គឺជា​ប្រធាន​នៅក្នុង​កិច្ចពិភាក្សា​របស់​អង្គការសហប្រជាជាតិ​ទៅលើ​បញ្ហា​អាកាសធាតុ​នៅក្នុង​ឆ្នាំនេះ ហើយ​រដ្ឋ​ជាច្រើន​នៅក្នុង​ប្រទេស​នេះ​កំពុង​ជំរុញ​ឲ្យ​មាន​ចំណាត់ការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការបញ្ចេញ​កម្តៅ​ភពផែនដី​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​បង្ក​ឲ្យ​មាន​ព្យុះ​, ទឹកជំនន់ និង​គ្រោះរាំងស្ងួត​កើតឡើង​កាន់តែ​ញឹកញាប់ និង​ធ្ងន់ធ្ងរ​៕