រកឃើញ​រណ្តៅ​កប់​សាកសព​មួយចំនួន​នៅ​តំបន់​ដែល​ដណ្ដើមបាន​ពី​ក្រុម ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 November, 2017 ក+ ក-

​អ៊ីរ៉ាក់ ៖ ក្រុមមន្ត្រី​នៅ​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយថា រណ្ដៅ​កប់​សាកសព​មួយចំនួន​ដែល​ត្រូវបាន​រកឃើញ​នៅ​តំបន់​មួយ​ដែល​ទើប​ដណ្ដើមបាន​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​នោះ​អាចមាន​សាកសព​រហូតដល់​ចំនួន​៤០០​នាក់​។​
​អភិបាលខេត្ត​គើ​គូក (Kirkuk) បាន​និយាយ​ពីថ្ងៃ​អាទិត្យ​ថា សាកសព​ជន​ស៊ីវិល​និង​កងសន្តិសុខ​ទាំងនេះ​ត្រូវបាន​រកឃើញ​នៅ​មូលដ្ឋាន​ដែល​គេ​បោះបង់ចោល​មួយកន្លែង​នៅ​ជិត​ទីក្រុង​ហា​វី​ចា​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​ដែល​គេ​ទើប​ដណ្ដើមបាន​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​កាលពី​ខែតុលា​។​
​ប្រជាពលរដ្ឋ​ម្នាក់​បាន​និយាយថា ក្រុម​រដ្ឋ​អ៊ីស្លាម​ធ្លាប់បាន​នាំ​ចំណាប់ខ្មាំង​ទៅ​កន្លែង​នេះហើយ​បាញ់ប្រហារ​ឬ​ចាក់​សាំង​ដុត​ពួកគេ​ទាំង​រស់ ហើយ​គេ​បានឃើញ​អ្វីៗ​នៅក្នុង​រណ្ដៅ​ទាំងនេះ​មាន​សណ្ឋាន​ដូចជា​ខោអាវ​ដាច់​រហែក និង​បំណែក​ឆ្អឹង​ព្រមទាំង​លលាដ៍ក្បាល​មនុស្ស​។​
​កងកម្លាំង​អ៊ីរ៉ាក់​បាន​វាយ​បណ្ដេញ​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញពី​ដែនដី​ដែល​ក្រុម​ជ្រុលនិយម​នេះ​បាន​ធ្លាប់បាន​គ្រប់គ្រង​កន្លងមក​ស្ទើរតែ​ទាំងអស់ ហើយ​អាជ្ញាធរ​បាន​រកឃើញរ​ណ្ដៅ​កប់​សាកសព​មួយចំនួន​នៅ​តំបន់​ដែល​គេ​ទើប​រំដោះ​បាន​ថ្មីៗ​នេះ​ជា​បន្តបន្ទាប់​ផងដែរ​៕