កម្រិត​នៃ​ការបំពុល​បរិយាកាស​កើនឡើង​នៅ​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 November, 2017

​ឥណ្ឌា ៖ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា​បាន​ព្យាយាម​ដោះស្រាយ​នឹង​កម្រិត​នៃ​ការបំពុល​បរិយាកាស​ដ៏​គ្រោះថ្នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ទីក្រុង​នេះ​កំពុង​គ្របដណ្ដប់​ដោយ​ផ្សែង​អ័ព្ទ​យ៉ាងខ្លាំង​។​
​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ (AQI) ដែលជា​រង្វាស់​កំហាប់​ជាតិពុល​នៅលើ​អាកាស​បាន​កើន​ដល់​៦១៤​កាលពី​ថ្ងៃអាទិត្យ ហើយ​តាម​ធម្មតា​កម្រិត​គុណភាព​ខ្យល់​ជា​អតិបរមា​មាន​ចំនួន​៥០០ តែបើ​លើសពី​កម្រិត​នេះ​ត្រូវបាន​ចាត់ទុកថា ជា​សញ្ញា​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ដោយ​ការបំពុល​បរិយាកាស​។​
​ប្រជាពលរដ្ឋ​ថ្មើរជើង អ្នករត់ និង​អ្នកជិះ​កង់​ហាត់ប្រាណ​បាននាំគ្នា​ត្អូញត្អែរ​ពី​ផល​លំបាក​នៃ​ការដកដង្ហើម​ដោយសារ​ការបំពុល​បរិស្ថាន​នេះ​។​
​ទីលាន​ឥណ្ឌា​ហ្គេ​ត (India Gate) ដែលជា​កន្លែង​គោរព​វិញ្ញាណក្ខន្ធ និង​កន្លែង​មួយចំនួនទៀត​ចាប់ពី​វិមាន​ប្រធានាធិបតី​រហូតដល់​កន្លែង​វី​ចាយ​ចូក (Vijay Chowk) ត្រូវបាន​គ្របដណ្ដប់​ដោយ​ផ្សែង​អ័ព្ទ​ពុល និង​ផ្សែងហុយ​ចេញពី​កន្លែង​ដុត​ដំណាំ​នៅតាម​រដ្ឋ​ធ្វើ​កសិកម្ម​មួយចំនួន និង​ការ​បំ​ភាយ​ផ្សែង​ពី​យានយន្ត​៕