បង្ក្រាប​ហាង​ស្តុក និង​ចែកចាយ​សាប៊ូ​ក្លែងបន្លំ​ម៉ាក និង​គ្មាន​ច្បាប់​អនុញ្ញាត​ជាង​១១​តោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ កាលពី​ម្សិលមិញ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះបង្ក្រាប​ហាង​ស្តុក និង​ចែកចាយ​សាប៊ូ​ក្លែងបន្លំ​ពាណិជ្ជសញ្ញា (​ម៉ាក​) និង​គ្មាន​ច្បាប់​អនុ​ញ្ញា (​រំលោភច្បាប់​កម្មសិទ្ធិបញ្ញា​) ជាង​១១​តោន នៅផ្ទះ​លេខ ០៩Eo ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។​
​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​ហាង​ល្មើសច្បាប់​ខាងលើនេះ មានឈ្មោះ តៅ ប្រសិទ្ធ អាយុ​៣៨​ឆ្នាំ ប៉ុន្តែ​ក្នុងពេល​ចុះ​ឆែកឆេរ​នោះ ម្ចាស់​ហាង​មិន​នៅ​នោះទេ នៅតែ​អ្នកមើលការខុសត្រូវ​ម្នាក់​ឈ្មោះ ញឹម ស៊ីណា​។ សមត្ថកិច្ច​បន្តថា ក្រោយ​ការឆែកឆេរ​ជាក់ស្តែង​រួចមក កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​វត្ថុតាង​ជាច្រើន រួមមាន​៖ សាប៊ូ​ក្លែងបន្លំ​ម៉ាក Viera និង​ម៉ាក Lavita ចំនួន​១៣​កេះ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ពេជ្រ ប៊ី ធី ហើយ​ថែមទាំង​រកឃើញ​សាប៊ូ​ជាង ១០​មុខ​ទៀត ដែល​សង្ស័យថា គ្មាន​ច្បាប់​អនុញ្ញាត​ជិត ៨០០​កេះ​ទៀត ស្មើនឹង​ជាង ១០​តោន សរុប​ផលិតផល​ខុសច្បាប់​ទាំងអស់​មាន​ជាង ១១​តោន​។​
​ចំពោះ​វត្ថុតាង​ទាំងអស់ លោក​ព្រះរាជអាជ្ញារង​បានសម្រេច​ឲ្យ​កម្លាំង​សមត្ថកិច្ច​ដកហូត​សាប៊ូ​ក្លែងបន្លំ​ម៉ាក Viera និង Lavita ចំនួន​១៣​កេះ យកទៅ​រក្សា​ទុកជា​បណ្តោះ​អាសន្ន នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ក្រៅពីនោះ កម្លាំង​សមត្ថកិច្ច​បាន​វិច​ខ្ចប់​ទុកដាក់​ក្នុង​ហាង​ខាងលើ រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​៕