ប្ដឹង​លោក លឺ ឡាយស្រេង ទៀតហើយ​រឿង​ប្រមាថ​សម្ដេចក្រុមព្រះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ស​ន្និសិទ​កាសែត​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ អ្នកនាំពាក្យ​គណបក្ស ហ្ទ៊ុ​ន​ស៊ិនប៉ិច បាន​អះអាងថា គណបក្ស​បានដាក់​ពាក្យបណ្ដឹង​ទី​២ ប្ដឹង​លោក លឺ ឡាយស្រេង ពីបទ​ចោទប្រកាន់ សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ថា​បានទទួល​សំណូក ចំនួន​១០​ម៉ឺន​ដុល្លារ ក្នុងការ​ផ្ដល់​តំណែង​ជា​អភិបាលខេត្ត ដល់​មន្ត្រី​ម្នាក់ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នា​អំឡុង​ឆ្នាំ​១៩៩៣​កន្លងទៅ ។​
​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានចាត់ទុក​សម្តី​លោក លឺ ឡាយស្រេង ដែល​បានផ្តល់​បទសម្ភាសន៍​ក្នុង​វិទ្យុ​អាស៊ីសេរី​នាពេល​ថ្មីៗ​នេះ ដោយ​ចោទ​សម្តេចក្រុមព្រះ​ថា បានទទួល​សំណូក​ជា​ថ្នូរ​នឹង​ការប្រគល់​តំណែង​នោះ គឺជា​ការប្រមាថ និង​បរិ​យា​កេរ្តិ៍​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​កិត្តិយស​របស់​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ។​
​គួ​រម្លឹកថា មេធាវី​ការពារ​ក្តី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ម្តង​រួចហើយ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្ដឹង​លោក លឺ​ឡាយស្រេង ពីបទ​ប្រមាថ​ព្រះ​ចេស្តា ព្រះមហាក្សត្រ និង​សម្តេចក្រុមព្រះ​៕