វង់ល្បែង​ស៊ីសង​អាប៉ោង​ពីរ​កន្លែង នៅ​ស្រុក​សង្កែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2017

​បាត់ដំបង ៖ កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​អាប៉ោង​ខុសច្បាប់​ចំនួន​១​កន្លែង​ដកហូត​មេអាប៉ោង​២​គ្រាប់​ឃាត់ខ្លួន​មនុស្ស​៧​នាក់​។​
លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​អោយដឹងថា​៖​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​ក៏ដូចជា​លោក​វរសេនីយ៍ឯក កុយ ហៀ​ង ស្នងការរង ទទួល​ផែន​នគរបាល​ប្រឆាំង​បទល្មើស​បានដាក់​បទបញ្ជា​រ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ទប់ស្កាត់​បង្ក្រាប​អោយបាន​រាល់​បទល្មើស​និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​
ជា​លទ្ធផល​ជាក់ស្ដែង​នៅវេលា​ម៉ោង​១១-០០​នាទី​ថ្ងៃទី​១៤​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​លើ​ទីតាំងនៅ​ត្រង់ចំណុច​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ដោយបាន​ប្រតិបត្តិ​ការបង្ក្រាប​នូវ​ល្បែងស៊ីសង​អាប៉ោង ចំនួន​១​កន្លែង​។​
លោក​បន្តថា​៖​នៅក្នុង​កិច្ចប្រតិបត្តិការ​ជាក់ស្ដែង​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ក្រុមអ្នកលេង​ល្បែងស៊ីសង​ចំនួន​៧​នាក់​រួម​និង​វត្ថុតាង​រួមមាន​៖ គ្រាប់​អាប៉ោង​ចំនួន​២​គ្រាប់ -​ចាន​អាប៉ោង​ចំនួន​១​ឈុត​-​កំរាល​ចាក់​អាប៉ោង​ចំនួន​១​ផ្ទាំង​-​ប្រាក់​មួយចំនួន​រួម​និង​សម្ភារៈប្រើប្រាស់​សំរាប់​លេង​មួយចំនួនទៀត​។​
​បច្ចុប្បន្ន​ក្រុមអ្នកលេង​ទាំង​៧​នាក់​រួម​និង​វត្ថុតាង​ដកហូត​បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូន​យកទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕