ចិន សន្យា​ជួយ​បោសសម្អាត​មីន​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2017 ក+ ក-

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សន្យាថា រដ្ឋាភិបាល​ចិន នឹង​ជួយ​ឱ្យអស់​លទ្ធភាព ដើម្បី​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ឱ្យបាន​ឆាប់រហ័ស ។​
​នៅក្នុង​ជំនួប​ទ្វេភាគី រវាង​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ជាមួយ លោក លី កឺ​ជាំ​ង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា នៅក្នុង​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន ភាគី​ទាំងពីរ បាន​ជំរុញ​កិច្ចការ ដោះមីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ដែល​បាន​បន្សល់ទុក​ពី​សង្គ្រាម​រាំ​រ៉ៃ​នៅ​កម្ពុជា​រាប់​ទស្សវត្ស​កន្លងមកហើយ​។ លោក លី កឺ​ជាំ​ង បាន​បញ្ជាក់ថា ការដោះមីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជា​សកម្មភាព​អទិភាព​មួយ​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការជួយ​ប្រទេស​នានា ដែល​កំពុង​ជួបប្រទះ​នូវ​បញ្ហា​នេះ​។ ក្នុង​បរិ​ការ​នេះ រដ្ឋាភិបាល​ចិន​សន្យាថា នឹង​ជួយ​ឱ្យអស់​លទ្ធភាព ដើម្បី​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ឱ្យបាន​ឆាប់រហ័ស និង​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ធ្វើការ​ពិភាក្សា​លើ​ទិដ្ឋភាព​ជាក់ស្តែង និង​ដាក់ជូន​ថ្នាក់ដឹកនាំ​ទាំងពីរ​ពិនិត្យ និង​សម្រេច​។ ជារួម​គឺត្រូវធ្វើ​អោយបាន​មុនពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ​។ ទន្ទឹមនេះ លោក លី កឺ​ជាំ​ង បានបញ្ជាក់​សាជាថ្មី​ថា នឹង​ការគាំទ្រ ដល់​កម្ពុជា ក្នុងការ​ថែរក្សា​សុខសន្តិភាព​, ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។ លោកនាយក​រដ្ឋមន្ត្រី​ចិន បានបញ្ជាក់​បន្ថែម​ផងដែរ នូវ​ការប្តេជ្ញា​រួមគ្នា ក្នុងការ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យដល់​កម្រិត​ខ្ពស់​មួយ​ថែមទៀត​។ ក្នុងន័យនេះ ភាគី​ចិន​បាន​សន្យាថា​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ក្នុង​ការជួយ​ជំរុញ​ឱ្យ​ការកសាង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែលជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​កម្ពុជា អោយបាន​ស​ម្រ​ច​ទៅ​យ៉ាង​ឆាប់រហ័ស ដើម្បី​ចូលរួម​វិភាគទាន​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកតម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះដែរ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​អញ្ជើញលោក​នាយករដ្ឋមន្ត្រី លី កឺ​ជាំ​ង ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី ២ នៅ ដែល​នឹង​រៀបចំ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ នា​ខែ មករា ឆ្នាំ ២០១៨ ខាងមុខនេះ​ផងដែរ​៕