មនុស្ស​ស្លាប់​កើន​ដល់​៥៤០​នាក់​ហើយ ករណី​រញ្ជួយ​ដី​នៅ​ព្រំដែន​អ៊ីរ៉ង់​-​អ៊ីរ៉ាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2017 ក+ ក-

​តេ​ហេ​រ៉ង់ ៖ មកទល់នឹង​ពេលនេះ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់​៥៤០​នាក់​ហើយ ខណៈ​មនុស្ស​ជាង ៨,០០០​នាក់​ទៀត​រងរបួស​ក្នុងករណី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៣​រ៉ិ​ច​ទ័​រ ដ៏​កក្រើក​មួយ​បាន​វាយប្រហារ​ចំ​តំបន់​ព្រំដែន​រវាង​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC ។​
​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​អ៊ីរ៉ង់​បាន​បញ្ជាក់ថា ចំណុច​រំ​ញ័រ​នៃ​ហេតុការណ៍​រញ្ជួយ​ផែនដី​ខាងលើ បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ នៅ​ចម្ងាយ​ប្រមាណ​១០៣​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍ ទីក្រុង Sulaymaniyah នៃ​ប្រទេស​អ៊ីរ៉ាក់ និង​ជះឥទ្ធិពល​យ៉ាង​កក្រើក​ដល់​ខេត្ត​ចំនួន​១៤ ឯណោះ​របស់​អ៊ីរ៉ង់ ដែល​នៅជាប់​ព្រំដែន​ជាមួយ​អ៊ីរ៉ាក់​។
​បើតាម​អាជ្ញាធរ​អ៊ីរ៉ង់​បានបញ្ជាក់​ឲ្យ​ដឹងថា សម្រាប់​មនុស្ស​ស្លាប់ និង​របួស​ទាំង​ជាង ៨,០០០​នាក់​ខាងលើនេះ ភាគច្រើនបំផុត ស្ថិតនៅក្នុង​ប្រទេស​អ៊ីរ៉ង់​តែម្តង​។ ដោយឡែក​ក្រៅពី​មនុស្ស​បាត់បង់​ជីវិត អគារ​និង​ផ្ទះ​ច្រើនជាង ១២,០០០​ខ្នង ក៏បាន​ទទួលរង​ការបំផ្លិចបំផ្លាញ​ក៏ដូចជា​ដួលរលំ​ផងដែរ រីឯ​ប្រជាជន ៧០,០០០​នាក់ កំពុង​ត្រូវការ​ជំនួយ និង​តង់​ស្នាក់នៅ​បណ្ដោះអាសន្ន​ជាបន្ទាន់​។​
​សូមបញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​ខាងលើ​គឺ​បានសម្លាប់​មនុស្ស​ច្រើនជាងគេ​បំផុត​ក្នុង​ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ម៉ិចស៊ីកូ ផ្ដាច់​យកអាយុ​ជីវិត​មនុស្ស​៣៦៩​នាក់ កាលពី​ខែកញ្ញា​៕