មាន​រដ្ឋប្រហារ​ទម្លាក់​មេដឹកនាំ​កាន់អំណាច​យូរ​បំផុត​នៅ​អាហ្វ្រិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2017

​ហ្ស៊ី​ម​បា​វេ ៖ តាម​សារព័ត៌មាន Telegraph របស់​អង់គ្លេស​ចេញផ្សាយ​នា​ព្រឹក​នេះ​ថា កងកម្លាំង​យោធា ជាមួយនឹង​កងកម្លាំង​ការពារជាតិ​ហ្ស៊ី​ម​បា​វេ (ZDF) បានប្រកាស​អំពី​ការធ្វើ​រដ្ឋប្រហារ​យោធា នៅពេល​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ពុធ ទី​១៥ ខែវិច្ឆិកា នេះ​ដែល​គេ​ជឿជាក់ថា ជា​ចេតនា​ទម្លាក់​មេដឹកនាំ​កាន់អំណាច​យូរ​បំផុត​នៅ​អាហ្វ្រិក លោក Robert Mugabe ចេញពី​អំណាច​។​
​សារព័ត៌មាន​ដដែល​រាយការណ៍​ថា កងកម្លាំង​យោធា​ជាមួយនឹង​កងកម្លាំង​ការពារជាតិ​ហ្ស៊ី​ម​បា​វេ (ZDF) បានធ្វើការ​គ្រប់គ្រង​រាល់​បណ្តាញសារព័ត៌មាន​ទាំងអស់​ក្នុងស្រុក​។ ប៉ុន្តែ​ខាង​យោធា​ដែល​ស្មោះស្ម័គ្រ​នឹង​មេដឹកនាំ​វ័យ​៩៣​ឆ្នាំ​រូបនេះ បាន​ចេញមុខ​អះអាង​តប​វិញ​ថា វា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ ហើយ​មេដឹកនាំ​របស់​ពួកគេ គឺ​នៅតែ​កាន់អំណាច និង​មាន​សុវត្ថិភាព​ដដែល​។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងដែលប្រទេសអាហ្វ្រិកខាងត្បូងមួយនេះកំពុងមើលឃើញនូវការបែកបាក់ជាចំហរវាងយោធា និងលោក មូហ្គាបេ (Mugabe) ដែលជាមេដឹកនាំរដ្ឋវ័យចំណាស់គេនៅលើពិភពលោកដែលបានកាន់អំណាចចាប់តាំងពីទទួលបានឯករាជ្យពីក្រុមជនជាតិភាគតិចស្បែកសនៅក្នុងឆ្នាំ១៩៨០៕