រថយន្ត​ជាង​៣០​គ្រឿង​បុក​បន្ត​គ្នា​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​ស្លាប់​១៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2017

​ចិន ៖ មនុស្ស​យ៉ាងតិច​១៨​នាក់​បាន​ស្លាប់​បាត់បង់​ជិវិត និង​២១​នាក់​ទៀត​បាន​រងរបួស​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើយ​ឡើង​ដោយសារ​យានយន្ត​ជាង​៣០​គ្រឿង​បាន​បុក​ត​គ្នា ព្រោះតែ ចុះ​អ័ព្ទ​នៅលើ​ផ្លូវ​អ៊ិ​ច​ប្រេ​ស វេ​យ៍ (expressway) មួយ​ខ្សែ​ស្ថិតក្នុង​ខេត្ត​អាន​ហួយ (Anhui) ភាគ​ខាងកើត​ប្រទេស​ចិន​កាលពី​ម្សិលមិញ​។​
​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា ភ្លើង​បានចាប់ផ្តើម​ឆាបឆេះ​នៅពេលដែល​យានយន្ត​មួយគ្រឿង​បាន​បើក​ទៅបុក​ធុង​ប្រេង​របស់​រថយន្តក្រុង ហើយ​បណ្តាល​ឲ្យ​ឆាបឆេះ​យានជំនិះ​ជាច្រើន​ទៀត​។ ឧទ្ធម្ភាគចក្រ​សង្គ្រោះបន្ទាន់​មួយគ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ​ភ្លាមៗ បន្ទាប់ពី​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​យក​មនុស្ស​១៧​នាក់​ចេញពី​គំនរ​រថយន្ត​ដែល​បាន​ឆាបឆេះ​។ អាជ្ញាធរ​បញ្ជាក់ថា តាម​ការស៊ើបអង្កេត​ប​ឋ​ម​បាន​បង្ហាញថា យានជំនិះ​យ៉ាងតិច​៧០​គ្រឿង​ត្រូវបាន​រង​ការខូចខាត ដោយ​ក្នុង​រថយន្ត​ដឹកទំនិញ​ធំៗ​ត្រូវបាន​ខូចខាត​ខ្លាំងជាងគេ​។​
​ដោយឡែក​បើតាម​មន្ទីរពេទ្យ​ក្នុង​តំបន់​បាន​និយាយថា ជនរងគ្រោះ​ភាគច្រើន​បាន​រងរបួស​ឆ្អឹង និង​ខួរក្បាល នៅពេលដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​
​ជាមួយគ្នា​នោះ​នាយកដ្ឋាន​អាកាសធាតុ​ក្នុង​តំបន់​បាន​និយាយថា ការចុះ​អ័ព្ទ​នឹង​ប្រហែលជា​បន្ត​កើតមានឡើង ហើយ​ក៏បាន​ដាស់តឿន​អ្នកបើកបរ​ទាំងអស់​ឲ្យ​ប្រុងប្រយ័ត្ន​ផងដែរ​៕