ព្រឹក​នេះ​សភា​បើក​កិច្ចប្រជុំពេញអង្គ​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2017

​រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា​នៅ​ព្រឹក​នេះ​បាន​បើក​សម័យប្រជុំ​របស់ខ្លួន​លើក​ទី​៩ ដើម្បី​ពិភាក្សា​និង​អនុម័ត លើ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៨ និង​របៀបវារៈ មួយចំនួន ក្រោម​អ​ធីប​តី​ភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​ការចូលរួម​ពី​សមាជិកសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៥​រូប ។​
​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​ឲ្យ​ដឹងថា សម័យប្រជុំ​ពេញអង្គ រដ្ឋសភា នីតិកាល​ទី​៥ លើក​ទី​៩ មាន​របៀបវារៈ​ដូចជា​៖
១៖​ការបោះឆ្នោត​ជ្រើស​តំណាង​សមាជិក គណៈកម្មការ​នានា នៃ​រដ្ឋសភា​បន្ថែមចំនួន ០២​រូប​។​
២៖ ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៨
៣៖ ការពិភាក្សា​និង​អនុម័ត​នូវ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖
១. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ស្តីពី​ការចៀសវាង​យកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ ពន្ធ​ពាក់ព័ន្ធ និង​ពន្ធ​លើ​ប្រាក់ចំណូល​។​
២. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៣. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រាជរដ្ឋាភិបាល នៃ​ព្រះ​ចៅ​ស៊ុ​លត​ង់ និង​យ៉ាង​ឌឺ​ពើរ​តួន​នៃ​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៤៖ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៥៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦៕