ស្ត្រី​ជាច្រើន​នៅតែ​ចាញ់​ប្រៀប​បុរស​ក្នុង​ទីផ្សារការងារ​ទូទាំង​សាកល លោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2015 ក+ ក-

ហ្សឺ​ណែវ​៖ការសិក្សា​ថ្មី​មួយ​បង្ហាញថា ក្នុងអំឡុង​ពីរ​ទសវត្សរ៍​កន្លងទៅ​នេះ មាន​ការរីក​ចម្រើនប​ន្តិ​ច​បន្តួច​ទាក់ទង​នឹង​ការចូលរួម​របស់​ស្ត្រី ក្នុង​ទីផ្សារការងារ និង​ក្នុងការ​កាត់បន្ថយ​គម្លាត​ប្រាក់បៀវត្សរ៍​ផ្អែកលើ​យេនឌ័រ​។ ទិវា​ស្ត្រី​អន្តរជាតិ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៨ ខែមីនា ហើយ​អង្គការ​ពលកម្ម​ពិភពលោក រាយការណ៍​ថា ស្ត្រី​នៅតែ​បន្ត​ទទួលរង​គ្រោះ​ពី​ការរើសអើង​គ្រប់​ទីកន្លែង និង​ភាពមិន​ស្មើរ​គ្នា​ក្នុង​ទីផ្សារការងារ​។​

​អង្គការ​ពលកម្ម​អន្តរជាតិ​និយាយថា ស្ត្រី​ជាច្រើន​មាន​ភាពប្រសើរ​ជាង​មុន​តិចតួច​ប៉ុណ្ណោះ គឺ​ប្រសើរ​ជាង​កាលពី​២០​ឆ្នាំមុន នៅពេលដែល​របៀបវារៈ​ដ៏​ទូលំទូលាយ​មួយ​សម្រាប់​ព​ន្លឿ​ន​ភាពស្មើគ្នា​រវាង បុរស​និង​ស្ត្រី និង​ការផ្តល់អំណាច​ដល់​ស្ត្រី​ត្រូវបាន​អនុម័ត​នៅ​ទីក្រុង​ប៉េកាំង​។​

ទីភ្នាក់ងារ​នោះ​រាយការណ៍​ថា ស្ត្រី​នៅក្នុង​តំបន់​ជាច្រើន​នៃ​ពិភពលោក នៅតែ​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ទាប​។ របាយការណ៍​នោះ​និយាយថា ស្ត្រី​បាន​ជាប់គាំង​ក្នុង​ការងារ​ដែល​ទទួល​បាន​ប្រាក់កម្រៃ​ទាប ខ្វះ​ការទទួលបាន​ការអប់រំ ហើយ​អំណាច​ក្នុងការ​ធ្វើការ​សម្រេចចិត្ត​និង​ការតវ៉ា​ក៏​នៅមានកម្រិត ទាប​។ របាយការណ៍​នោះ​បន្ថែមថា ការងារ​ដែល​មិន​ទទួលបាន​ប្រាក់កម្រៃ​ត្រូវ​ធ្លា​ក់លើ​បន្ទុក​របស់​ស្ត្រី ដែលមាន​ការទទួលខុសត្រូវ​ជា​ចម្បង​លើ​ការថែទាំ​គ្រួសារ មនុស្ស​ចាស់ និង​អ្នកមាន​ជំងឺ​។​

​របាយការណ៍​នោះបាន​កត់សម្គាល់​ឃើញថា ស្ត្រី​កាន់តែ​ច្រើនជាង​មុន កំពុង​ប្រកបការងារ គឺ​ច្រើនជាង​ពេលណាៗ​ទាំងអស់​។ តែ​ទោះយ៉ាងណា គម្លាត​នៃ​អត្រា​ក្នុងការ​ចូលរួម​ក្នុង​ទីផ្សារការងារ​រវាង​បុរស​និង ស្ត្រី​បាន​ធ្លាក់ចុះ​ត្រឹម​តែមួយ​ភាគរយ​ប៉ុណ្ណោះ​។ អ្នក​សេដ្ឋសាស្ត្រ​នៃ​អង្គការ ILO បានធ្វើការ​ប៉ាន់ប្រមាណ​ថា ការកាត់បន្ថយ​គម្លាត​នេះ​អោយបាន​២៥​ភាគរយ​ក្នុង​ឆ្នាំ​២០២៥ នៅក្នុង​បណ្តា​ប្រទេស G20 និង​អាច​បន្ថែមចំនួន​ស្ត្រី​មួយ​លាន​នាក់​ថែមទៀត​ចូលក្នុង​កម្លាំង ពលកម្ម​។ ទន្ទឹមនឹងនេះ ប្រធាន​ផ្នែក​យេនឌ័រ សមភាព និង ភាព​ទីទៃ​គ្នា របស់​អង្គការ ILO លោកស្រី Shauna Olney មានប្រសាសន៍ថា ការការពារ​មាតុភាព មាន​ភាពប្រសើរ​ឡើងជា​ង​មុន​។​

«​ចំនួន​ភាគរយ​នៃ​ប្រទេស​ដែល​ផ្តល់​ការឈប់​សម្រាក​មាតុភាព​យ៉ាងតិច ១៤​សប្តាហ៍ បាន​កើនឡើង​ពី​៣៨​ភាគរយ ក្នុង​ឆ្នាំ​១៩៩៤ ទៅដល់​៥១​ភាគរយ កាលពី​ឆ្នាំទៅ​មិញ បើទោះបីជា​យើង​នៅតែ​ឃើញ​មាន​ស្ត្រី ៨០​ម៉ឺន​នាក់ មិន​ទទួលបាន​ការថែទាំ​មាតុភាព​គ្រប់គ្រាន់​ក្តី​។ ៨០​ភាគរយ​នៃ​ចំនួន​ស្ត្រី​ទាំងនោះ រស់នៅក្នុង​ទ្វីបអាហ្វ្រិក និង​អាស៊ី​។ យើង​ក៏​ឃើញ​មានការ​កើនឡើង​ច្រើន​នៃ​ការឈប់​សម្រាក​បិតុភាព​ដែរ​។ ដូច្នេះ បុរស​ត្រូវបានគេទទួលស្គាល់​ថា ជា​អ្នកមាន​តួនាទី​ច្រើន​នៅក្នុង​គ្រួសារ ក្នុងពេល​២០​ឆ្នាំ​កន្លងទៅនេះ​។ នៅ​ឆ្នាំ​១៩៩៤ មានតែ​ប្រទេស​ចំនួន​២៨​ភាគរយ​ប៉ុណ្ណោះ ដែល​ផ្តល់​ឲ្យ​មានការ​ឈប់សម្រាក​បិតុភាព ឥឡូវនេះ យើង​មាន​រហូតដល់ ៥៦​ភាគរ​យ‍​»​។​

របាយការណ៍​នោះ​សរសេរថា ស្ត្រី​ទទួលបាន​ចំណូល​ត្រឹម ៧៧​ភាគរយ​នូវ​ចំនួន​ដែល​បុរស​ទទួលបាន ហើយ​ថា គម្លាត​នេះ​រីក​កាន់តែ​ធំ​ឡើង​ក្នុងចំណោម​ស្ត្រី​ដែលមាន​ប្រាក់ចំណូល កាន់តែច្រើន​។ អង្គការ ILO បាន​កត់សម្គាល់ថា សមភាព​នៃ​ការទទួលបាន​ប្រាក់​ឈ្នួល​នឹង​មិនអាច​សម្រេច​បានទេ ក្នុង​រយៈពេល​៧០​ឆ្នាំ​ខាងមុខ បើសិនជា​សកម្មភាព​ត​ម្រ​ង់​ទិសដៅ មិន​ត្រូវបាន​អនុវត្ត​ទេ​។​

លើសពីនេះទៅទៀត របាយការណ៍​ថ្មី​មួយ​ស្តីពី «​គម្លាត​នៃ​ប្រាក់កម្រៃ​សម្រាប់​ស្ត្រី​ជា​មាតា​» រកឃើញថា ស្ត្រី​ជា​ម្តាយ​ជា​ញឹកញយ​ទទួលបាន​ប្រាក់ចំណូល​តិចជាង​ស្ត្រី​ដែល​គ្មាន កូន អាស្រ័យ​លើ​កន្លែង​ដែល​ពួកគេ​រស់នៅ និង​ចំនួន​កូន​ដែល​ពួកគេ​មាន​។ ក៏ប៉ុន្តែ ការសិក្សា​ផ្សេងទៀត​បង្ហាញថា បុរស​ជា​ឪពុក​រកចំណូលបាន​ច្រើនជាង​បុរស​ដែល​មិន​មានកូន​។​

​លោកស្រី Olney ប្រាប់​វី​អូ​អេ​ថា ការរើសអើង​ចំពោះ​ស្ត្រីភេទ​នៅ​កន្លែងធ្វើការ​ធ្វើ​ឲ្យ​ខូច​សុខុមាលភាព ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​របស់​សង្គម​។​

«​សេដ្ឋកិច្ច​ដែលមាន​គម្លាត​យេនឌ័រ​ក្នុង​ទីផ្សារការងារ​ទទួលរ​ង​ការ បាត់បង់​ផលិតផល​ក្នុងស្រុក​សរុប​រហូតដល់​ទៅ​២៧​ភាគរយ ក្នុង​តំបន់​ជាក់ស្តែង​មួយចំនួន​។ យើង​ឃើញថា ការរកឃើញ​បឋម ដែលថា​កំណើន​ការចូលរួម​របស់​ស្ត្រី​ក្នុង​ពលកម្ម អាច​កាត់បន្ថយ​ភាពក្រីក្រ​បាន​យ៉ាងច្រើន​។ វា​ក៏​ជា​បញ្ហា​នៃ​ការធ្វើ​ជំនួញ​ផងដែរ​។ យើង​ឃើញថា ក្រុមហ៊ុន​ដែលមាន​តំណាង​អាជីវកម្ម​ជា​ស្ត្រី​ច្រើនជាងគេ​ក្នុង គណកម្មាធិការ​ប្រតិបត្តិ អាច​ចាត់ចែង​ការងារ​បានល្អ​ជាង​ក្រុមហ៊ុន​ដែល​គ្មាន​ស្ត្រី​នៅក្នុង តំណែង​កំពូល ដោយមាន​ការកើនឡើង​នៃ​ផលទុន​ចំណូល​ជា​មធ្យម​រហូត​លើ​សមភាព​ដល់​៤៧​ភាគរយ និង​មាន​ប្រាក់ចំណេញ​រហូតដល់​៥៥​ភាគរ​យ‍​»​។​
​បញ្ហា​មួយទៀត​ដែល​ធ្វើ​ឲ្យ​មានការ​បារម្ភ​ជាខ្លាំង​គឺ​អំពើហិង្សា​នៅ កន្លែងធ្វើការ​។ អង្គការ ILO និយាយថា ស្ត្រី​៣៥​ភាគរយ​ក្នុងចំណោម​ស្ត្រី​ទាំងអស់ គឺជា​ជនរងគ្រោះ​នៃ​អំពើហិង្សា​ផ្លូវកាយ​និង​ផ្លូវភេទ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ពេល​ធ្វើការ​រ​បស់​ពួកគេ​។​

​របាយការណ៍​នោះ​បន្ថែមថា អំពើហិង្សា​ជា​ទួទៅ​ធ្វើ​ឲ្យ​មានការ​ខាតបង់​យ៉ាងច្រើន​ដល់​អ្នក​ប្រកប ការងារ រួមទាំង​និយោជក​និង​សង្គម​ទាំងមូល​។ ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ អំពាវនាវ​ឲ្យ​មានច្បាប់​និង​គោលនយោបាយ ដើម្បី​ជៀសវាង​និង​ការពារ​(​ស្ត្រី​) ប្រឆាំងនឹង​ការ​បៀតបៀន​រំខាន និង​អំពើហិង្សា​ក្នុង​រូបភាព​ផ្សេងៗ​នៅក្នុង​ពិភព​ការងារ​ទាំងអស់​៕ RFI

6E313B21ស្ត្រី ឥណ្ឌា​ម្នាក់​កំពុង​ទូល​គ្រឿង​ឆ្នាំង​ចាន សម្រាប់​លក់ នៅ​ថ្ងៃ​ទិវា​នារី​អន្តរជាតិ នៅ​ទីក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​៨ ខែមីនា ឆ្នាំ​២០១៥