អតីតមន្ត្រី CNRP សល់​រយៈពេល​៤​ថ្ងៃ​ទៀត ដើម្បី​ចូលរួម​ជាមួយ CPP
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​មូលដ្ឋាន ឃុំ​/​សង្កាត់ ស្រុក​/​ខេត្ត របស់ CNRP នៅមាន​រយៈពេល​៤​ថ្ងៃ​ទៀត សម្រាប់​ការពិចារណា​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។ នេះ​បើ​យោងតាម ការចុះផ្សាយ​របស់​សារព័ត៌មាន​ហ្វ្រេស៍​ញូ​ស៍ ដែល​បាន​ដកស្រង់​សំដី​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ។​
​បណ្តាញ​ព័ត៌មាន​ហ្វ្រេស​ញូ​ស៍បាន​ចុះផ្សាយ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រមុខ​ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​តាម​បណ្តាញ Fresh News ឲ្យ​ដឹងថា ការស្ម័គ្រចិត្ត​ចុះចូល​ពី សំណាក់​អតីតមន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូល​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឱសានវាទ​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា​ប៉ុណ្ណោះ​។​
​តាម​ហ្វ្រេស​ញូ​ស៍​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​កិច្ចសម្ភាសន៍​ដ៏​ពិ​សេសមួយ​ជាមួយ​លោក លឹម ជា​វុត្ថា នាយក​ប្រតិបត្តិ​បណ្តាញ​ព័ត៌មាន Fresh News ឲ្យ​ដឹងថា​៖ «​ការស្ម័គ្រចិត្ត​ចុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា​ប៉ុណ្ណោះ ព្រោះ​ការរៀបចំ​បញ្ជី​ក្រុមប្រឹក្សាឃុំ​សង្កាត់​ថ្មី ដើម្បី​បញ្ជូន​ទៅកាន់ គជប នឹងត្រូវ​បិទ​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា​, ប្រសិនបើ​ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា​ទៅ ការចុះ​ចូល​នៅតែ​បន្ត​ដដែល ប៉ុន្តែ​មិន​ផ្តល់​តួនាទី​អ្វី​នោះទេ​»​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រសាសន៍​អំពាវនាវ​ឲ្យ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​កាត់​រំលាយ សូម​ប្រញាប់ប្រញាល់​ចុះចូល​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួលបាន​នូវ​តួនាទី​ឋានៈ​អ្វីៗ​ដដែល ព្រោះ​ការកំណត់​ពេលវេលា​ត្រឹម​ថ្ងៃទី​២៤​នេះ​ធ្វើឡើង​តាម​លក្ខ​ខ័​ណ្ឌ​របស់​គជប ៕