កូរ៉េខាងត្បូង ៖ កូរ៉េខាងជើង​នឹងធ្វើ​តេស្ដ​មី​ស៊ី​ល​ជាថ្មីទៀត​នៅមុន​ដំណាច់​ឆ្នាំនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2017 ក+ ក-

​សេ​អ៊ូ​ល ៖ ភ្នាក់ងារ​ស៊ើប​ការណ៍សំងាត់​កូរ៉េខាងត្បូង (NIS) បាន​អះអាងថា កូរ៉េខាងជើង​អាច​នឹង​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ជាថ្មី​ម្ដងទៀត​នៅមុន​ដំណាច់ឆ្នាំ​២០១៧ នេះ គ្រា​ដែល​សកម្មភាព​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មី​ស៊ី​ល​មាន​កាន់តែ​ច្រើនឡើង​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងត្បូង​យ៉ុ​ន​ហាប់​។​
​តាម​របាយការណ៍​រប​ស់ NIS ដាក់ជូន​សភា​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា «​ខណៈ​សកម្មភាព​យានយន្ដ​មាន​កាន់តែ​ច្រើនឡើង នៅឯ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មី​ស៊ី​ល​មួយ របស់​កូរ៉េខាងជើង ការធ្វើ​តេស្ដ​ម៉ូ​ទ័​រ​មួយ​ទំនងជា​ត្រូវបាន​ធ្វើឡើង​រួចទៅហើយ​…​ដូច្នេះ​ថា វា​មាន​អាចទៅរួច​ថា​កូរ៉េខាងជើង​នឹង​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ជាថ្មី​ម្ដងទៀត​នៅមុន​ដំណាច់ ឆ្នាំ​២០១៧​នេះ ដោយ​សំអាង​លើ​ការគំរាមកំហែង ពី​សំណាក់​សហរដ្ឋអាមេរិក​ជា​លេស​បង្កើន​សមត្ថភាព​មី​ស៊ី​ល និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ទី​អវកាស​ដោយ​សន្តិវិធី​»​។ ទន្ទឹម​នោះ NIS បាន​បន្ថែមថា រ៉ូង​ក្រោម​ដី​លេខ​០៣ នៃ​ទីតាំង​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ Punggye-ri ទំនងជា​បាន​ត្រៀម​រួចជាស្រេច​សម្រាប់​ការធ្វើ​តេស្ដ​នុយក្លេអ៊ែរ ដោយ​រង់ចាំតែ​បញ្ជា ពី​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន តែប៉ុណ្ណោះ​៕