អាមេរិក​សម្រេច​បញ្ចូល​កូរ៉េខាងជើង​ទៅក្នុង​បញ្ជីខ្មៅ នៃ​រដ្ឋ​គាំទ្រ​ភេរ​វករ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2017 ក+ ក-

​អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា សហរដ្ឋអាមេរិក​បាន​សម្រេចចិត្ត​ជ្រើសរើស​ប្រទេស​កូរ៉េខាងជើង​ដាក់​ជា​រដ្ឋ​មួយ​ដែល​គាំទ្រ​ក្រុម​ភេរវ​ករ​ចំ​ពេលដែល​ភាព​តានតឹង​នុយក្លេអ៊ែរ​កំពុង​កើនឡើង​ខ្លាំង​នៅលើ​ឧបទ្វីប​កូរ៉េ​។​
​លោក ត្រាំ បាន​និយាយថា ការជ្រើសរើស​នេះ​នឹងដាក់​ទណ្ឌកម្ម​បន្ថែមទៀត​ទៅលើ​ប្រទេស​កូរ៉េខាងជើង ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​អាមេរិក​ក្នុង​ការដាក់​សម្ពាធ​អតិបរិមា​ប្រឆាំង​ទៅនឹង​ប្រទេស​ឯកោ​មួយ​នេះ​។ លោក ត្រាំ បាន​និយាយ​នៅក្នុង​អំឡុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា បន្ថែម​ពីលើ​ការគំរាមកំហែង​ដល់​ពិភពលោក​ដោយ​កម្មវិធី​នុយក្លេអ៊ែរ​, កូរ៉េខាងជើង​បាន​គាំទ្រ​ម្តង​ហើយ​ម្តងទៀត​ចំពោះ​សកម្មភាព​ភេរវកម្ម​អន្តរជាតិ​រួមទាំង​ឃាតកម្ម​នៅលើ​ទឹកដី​បរទេស​។​
​ស្របពេល​ជាមួយគ្នា​នោះ ក្រុមមន្ត្រី​អាមេរិក​បានលើកឡើង​ថា ការសម្លាប់​លោក គីម ជុង​ណា​ម ដែលជា​បងប្រុស​ម្តាយ​ផ្សេងគ្នា​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​កាលពីដើម​ឆ្នាំនេះ​ថា​ជា​សកម្មភាព​ភេរវកម្ម​។​
​សូមបញ្ជាក់ថា កូរ៉េខាងជើង​ត្រូវបាន​ដាក់បញ្ចូល​សាជាថ្មី​ក្នុង​បញ្ជី​រដ្ឋ​ដែល​គាំទ្រ​ក្រុម​ភេរ​វករ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​, ស៊ូដង់ និង​ស៊ី​រី បន្ទាប់ពី​ប្រទេស​ដ៏​សម្ងាត់​មួយ​នេះ​ត្រូវបាន​ដកចេញ​ពី​បញ្ជី​កាលពី​៩​ឆ្នាំមុន​៕