សម្តេច ស ខេង និង​ទូត​អាមេរិក​ជួបគ្នា​ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជួបគ្នា​ជា​លើក​ទី​១ ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អំណាចតុលាការ​កំពូល ដើម្បី​ពិភាក្សា​លើ​បញ្ហា​មួយចំនួន សំខាន់​ការបន្ត​ពង្រឹង​កិច្ច សហប្រតិបត្តិការ ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​
​តាម​គេហទំព័រ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា នា​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឱ្យ​លោក William A.Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​
​កិច្ច​ជំនួប​រវាង​សម្តេច​ក្រឡាហោម ស ខេង និង​លោក William A.Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក គឺ​ផ្តោត លើ​ប្រធានបទ​សំខាន់​ចំនួន​៣ ៖ ១. កិច្ចសហប្រតិបត្តិការ​រវាង​កងកម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ ២.​ការងារ ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ៣.​ការធ្វើ​មាតុភូមិនិវត្តន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មកពី​សហរដ្ឋអាមេរិក​។​
​យោងតាម​គេហទំព័រ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍ថា កម្ពុជា​នៅតែ​ឯកភាព​នូវ​អ្វីដែល​បាន​ព្រមព្រៀងគ្នា និង​ចង់ឱ្យ ភាគី​អាមេរិក​ពិចារណា ពន្យា​ពេល​សិន ពិសេស​អ្នកមាន​ជម្ងឺ​ធ្ងន់ធ្ងរ​ទុក ឱ្យ​ពួកគាត់​ព្យាបាល សះស្បើយ​សិន​។ ចំពោះ​ពលរដ្ឋ​ដែល​បាន​ទៅ​អាមេរិក​ក្រោយ​ឆ្នាំ​១៩៩៤ សម្តេច​និង​ពិចារណា​ឱ្យបាន​ច្បាស់លាស់ ហើយ​បាន​ស្នើឱ្យ​ភាគី​អាមេរិក​ចាត់​មន្ត្រី​ជំនាញ​របស់​អាមេរិក និង​កម្ពុជា​ធ្វើការ​សហការគ្នា ធ្វើ​កិច្ចការ​នេះ ឱ្យ​បានល្អ​បំផុត​ដែល​អាច​ធ្វើបាន​។​
​លោក William A.Heidt បាន​ថ្លែងអំណរគុណ​ដល់​សមត្ថ​កិច្ច​កម្ពុជា ដែល​បាន​ទប់ស្កាត់​ជនល្មើស ដែល​បាន​ប្រព្រឹត្ត​អំពើ អាណា​ចារ​លើ​កុមារ​ចំនួន ១៣​រូប ដែល​មិនឱ្យ​ចូលមក​កម្ពុជា​។ នេះ​ជាការ​ងារ​ល្អ​មួយ​ប្រសើរ និង​កោតសរសើរ ហើយ​អាមេរិក​និង​បន្ត​ការសហការ ជាមួយ​អាជ្ញាធរ​សមត្ថ​កម្ពុជា ថែមទៀត​ដើម្បី​ទប់ស្កាត់​បទល្មើស ការជួញដូរ​មនុស្ស​។​
​ជាថ្មី​ម្តងទៀត សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា​កិច្ចការ​ផ្សេងៗ ដែល​ក្រសួងមហាផ្ទៃ មាន​ជាមួយ​សហរដ្ឋអាមេរិក កម្ពុជា នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ធ្វើ​ការរួម​គ្នា ឱ្យ​កាន់តែ​ប្រសើរ​ទ្វេរ​ឡើង​៕