ពលរដ្ឋ​ហ្ស៊ី​ម​បា​វ៉េ​សម្តែង​ការសប្បាយរីករាយ ពេល​ប្រធានាធិបតី​ចុះ​ចេញពី​តំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2017 ក+ ក-

ហ្ស៊ី​ម​បា​វ៉េ ៖ កាលពី​ថ្ងៃ​អង្គារ ប្រជាពលរដ្ឋ​បាន​ប្រមូល​ផ្ដុំគ្នា​សម្ដែង​ការសប្បាយ​ចិត្ត​យ៉ាងខ្លាំង​ដោយ​អ្នកខ្លះ​ស្រែកច្រៀង និង​ខ្លះទៀត​ស្រែក​ហ៊ោ​លាយឡំ​ដោយ​ការ​ចុច​ស៊ី​ផ្លេ​រថយន្ត​នៅតាម​ដងផ្លូវ​នៅ​ទីក្រុង​ហា​រ៉ា​រ៉េ​ក្រោយពី​ប្រធានាធិបតី​ប្រទេស​ស៊ីម​បា​វ៉េ​បានប្រកាស​ចុះ​ចេញពី​តំណែង​កាលពី​យប់មិញ​នេះ​ក្រោយពី​បាន​កាន់អំណាច​រយៈពេល​៣៧​ឆ្នាំ​មកនេះ​។​
​លោក​ប្រធានាធិបតី រ៉ូ​ប៊ឺ​ត មូ​ហ្គា​បេ (Robert Mugabe) បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​អង្គារ​ដោយសារ​រង​សម្ពាធ​ខ្លាំង​ពី​យោធា​ដែល​បាន​ឃុំខ្លួន​លោក​នៅក្នុង​ផ្ទះ ពី​សមាជិកសភា​នៃ​គណបក្សកាន់អំណាច​និង​គណបក្សប្រឆាំង​ព្រមទាំង​ពី​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​បាន​ជួបជុំគ្នា​តាមផ្លូវ​និយាយថា ការ​កាន់អំណាច​រយៈពេល​៣៧​ឆ្នាំ​គឺ​ល្មម​គ្រប់គ្រាន់​ហើយ​។​
​លោក មូ​ហ្គា​បេ ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រមុខរដ្ឋ​ចាស់វស្សា​ជាងគេ​ក្នុង​ពិភពលោក​នោះបាន​និយាយ​ក្នុង​លិខិត​របស់លោក​ថា គេ​គួរតែ​អនុវត្តតាម​នីតិវិធី​ក្នុងការ​ជ្រើសរើស​ប្រធានាធិបតី​ថ្មី គឺ​មិនត្រូវ​ពន្យារពេល​ដល់​ថ្ងៃស្អែក​នោះទេ​។​
​លោក​បាន​បន្ថែមទៀតថា ការសម្រេចចិត្ត​ចុះចេញ​ពី​តំណែង​របស់លោក​នេះ​គឺជា​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត​និង​គិតគូរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ជាទីបំផុត ដូច្នេះហើយ​ទើបបានជា​លោក​សម្រេចចិត្ត​ផ្ទេរអំណាច​ដោយ​គ្មាន​ការ​បង្ហូរឈាម​បន្តិច​បែបនេះ​៕