បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​ទូ​ស​ខូ​ម៉ា​តូ ប្រទេស​អ៊ីរ៉ាក់​ផ្តាច់ជីវិត​មនុស្ស​៣២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2017 ក+ ក-

​អ៊ីរ៉ាក់ ៖ ក្រុមមន្ត្រី​នៅ​ប្រទេស​អ៊ីរ៉ាក់​និយាយថា មនុស្ស​ចំនួន​៣២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​ធ្វើអត្តឃាត​នៅក្នុង​រថយន្ត​ធំ​មួយគ្រឿង​ដែល​ផ្ទុក​ដោយ​គ្រឿងផ្ទុះ នៅ​ទីផ្សារ​មួយ​នៅក្នុង​ទីក្រុង​មួយ​ដែល​កំពុងតែ​ប្រទាញ​ប្រ​ទុង​គ្នា​រវាង​ប្រទេស​អ៊ីរ៉ាក់​និង​តំបន់​ឃើ​ដ​នៅ​ប្រទេស​នេះ​។​
​ប៉ូលិស​និង​មន្ត្រី​មន្ទីរពេទ្យ​នៅ​ប្រទេស​អ៊ីរ៉ាក់​និយាយថា ការផ្ទុះ​យ៉ាងខ្លាំង​ដែល​បាន​កើតឡើង​នៅ​ទីក្រុង​ទូ​ស​ខូ​ម៉ា​តូ (Tuz Khormato) នៅ​តំបន់​ឃើ​ដ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​នោះបាន​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​៣២​នាក់​បាន​ស្លាប់ និង​យ៉ាងតិច​៧៥​នាក់​ទៀត​រងរបួស​។ មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ​ក៏មាន​កងកម្លាំង​សន្តិសុខ​នៅ​ប្រទេស​អ៊ីរ៉ាក់​យ៉ាងតិច​៦​នាក់​ផងដែរ​។​
​សូមបញ្ជាក់ថា ទីក្រុង​ទូ​ស​ខូ​ម៉ា​តូ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​២១០​គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​បា​កដាដ​នៅ​ប្រទេស​អ៊ីរ៉ាក់ ហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ាក់ និង​តំបន់​ឃើ​ដ​កំពុង​ប្រទាញ​ប្រ​ទូង​គ្នា​ក្នុងការ​គ្រប់គ្រង​ទីក្រុង​មួយ​នេះ​៕