កញ្ញា នី មុន្នីនាថ ត្រូវ​ចូល​បំភ្លឺ​តុលាការ​នា​រសៀល​នេះ​ពាក់ព័ន្ធ​ពាក្យបណ្តឹង​អតីត​គូ​ដណ្តឹង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ កញ្ញា នី មុន្នីនាថ តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី​ម្នាក់​នឹងត្រូវ​ចូល​បំភ្លឺ​តុលាការ ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​ទាមទារ​ប្រាក់ របស់​អតីត​គូ​ដណ្តឹង ដែលជា​អាណិកជន​ខ្មែរ នៅ​អាមេរិក នៅ​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ។ នេះ​បើ​យោងតាម​ដីកា​របស់​តុលាការក្រុង​ភ្នំពេញ ។​
​សូម​រម្លឹកថា អតីត​គូ​ដណ្តឹង​នាង នី មុន្នីនាថ គឺ​លោក អ៊ឹង សូ​ឡាង បានដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​ឱ្យ​នាង​សងជំងឺចិត្ត ដល់​ខ្លួន​ចំនួន​៥​ម៉ឺន​ដុល្លារ បន្ទាប់ពី​អ្នក​ទាំងពីរ​កាត់​ផ្តាច់កា​រ​ទាក់ទង​គ្នា​។ តាម​ពាក្យបណ្តឹង​លោក អ៊ឹង សូ​ឡាង បានចាត់ទុក នី មុន្នីនាថ ថា បោក​យកប្រាក់​របស់ខ្លួន​ក្នុងពេល​ទាក់ទង​ជាមួយគ្នា ដោយនៅ​ក្នុងនោះ លោក​បាន​ទិញ​របស់របរ​មានតម្លៃ​មួយចំនួន​ឱ្យ​នាង តែ​ដល់ពេល​ធ្លាក់​វី​សា​ទៅ​នៅ​អាមេរិក​ជាមួយគ្នា​នោះ ត្រូវ​នាង​បដិសេធ​ទៅវិញ​។​
​យ៉ាងណាក៏ដោយ កាលពីពេល​ថ្មីៗ​កន្លងមក​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់ នី មុន្នីនាថ បាន​បង្ហោះ​សារ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា «​ចង់​និយាយ​ច្រើនណាស់ តាមចិត្ត​ខឹង​តាមចិត្ត​ក្ដៅ ប៉ុ​នែ្ត​ពាក្យចាស់​ពោលថា​បើ​ចង់​ឈ្នះសត្រូវ ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​» ៕