សម្ដេច ហ៊ុន សែន ប្រកាស​ផ្តល់ឱកាស​បន្ត​ជូន​មន្ត្រី CNRP មក​ចូលរួម CPP
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​កាដូរ​កិត្តិយស ដល់​បងប្អូន​ក្នុង​អតីត​បក្ស​សង្គ្រោះ ដើម្បី​រៀបចំ​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាជន​រហូតដល់ ម៉ោង​៩:០០​យប់ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ការពន្យារ​ពេលនេះ គឺ​ដើម្បី​ទុក​ឱកាស​ពេលវេលា​បងប្អូន ពូ មីង រៀបចំខ្លួន ហើយ​ដោយសារ​ចរន្ត​នៃ​ការចូលរួម​ក្នុង​ជីវភាព​នយោបាយ​ជាមួយ CPP កាន់តែ​ច្រើនឡើង​។​
​ជាពិសេស​ជាង​នោះ​ទៅទៀត សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ផ្ដល់​កាដូ​ដ៏​ធំ​ជូន​បេក្ខជន​បម្រុង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ជាប់ឆ្នោត​នឹង​ទទួលបាន​តំណែង ជា​សមាជិក​ក្រុមប្រឹក្សា ឬ​ជំទប់ នៅពេល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ក៏បាន​លើកឡើង​ផងដែរ​ថា នេះ​ជា​ឱកាស​ដ៏​ពិ​សេសមួយ​សម្រាប់​បងប្អូន ដែល​បាន​ឈរឈ្មោះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ​សង្កាត់ តែ​មិនបាន​ជាប់ឆ្នោត «​នឹង​ទទួលបាន​ប្រាក់ខែ ព្រមទាំង​តួនាទី នៅក្នុង​ឃុំ​សង្កាត់​ដែល​ឈរឈ្មោះ​នោះ នៅពេលដែល​បងប្អូន​យល់ព្រម​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​»​៕