សង្គ្រាម​ញាំញី​ស៊ី​រី ឈាន​ចូលដល់​ឆ្នាំ ទី ៥
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2015 ក+ ក-

នៅ​ថ្ងៃអាទិត្យ ទី ១៥ មីនា​នេះ សង្គ្រាម ស៊ីវិល​បាន​ផ្ទុះឡើង​នៅ​ស៊ី​រី មាន​អាយុ ៤​ឆ្នាំ គត់​។ សង្គ្រាមស៊ីវិល​ស៊ី​រី ដែលជា​ប្រភព​នៃ​ការកកើតឡើង អំណាច​របស់​ពួក​ជី​ហាត នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម បានសម្លាប់​មនុស្ស ច្រើនជាង ២​សែន​នាក់​។ អង្គការ​មនុស្សធម៌​អន្តរជាតិ​បាន​យក​សប្តាហ៍​នេះ ដើម្បី​បរិហារ​អសមត្ថភាព របស់​មេដឹកនាំ​ក្នុង​ពិភពលោក ដើម្បី​បញ្ចប់សង្គ្រាម នៅ​ស៊ី​រី​។​

​កាលពី​៤ ឆ្នាំមុន គឺ​នៅ​ថ្ងៃទី ១៥​មីនា ឆ្នាំ ២០១១ ដែល​ប្រជាជន​ស៊ី​រី​បានធ្វើ​បាតុកម្មអហិង្សា​ដើម្បី ប្រឆាំង​នយោបាយ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក​បា​ស្ហា អាល់​អាសាដ​។ ការបង្ក្រាប​ដ៏​ហិង្សា​របស់​ទាហាន​រដ្ឋាភិបាល​ទៅលើ​បាតុករ បាន​រីក​រាលដាល​ទៅជា​ការ​ងើប​តស៊ូ​របស់​ចលនា​អ្នក​ប្រឆាំងនឹង​រដ្ឋាភិបាល​។ គឺ​តាំងពី​ពេលនោះ​ហើយ ដែល​ប្រទេស​ស៊ី​រី​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាមស៊ីវិល និង​ការឈ្លានពាន​របស់​ក្រុម​ជី​ហាត នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​សព្វថ្ងៃនេះ​។​

​ក្រុម​ជី​ហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​ដែល​កំពុង​កាន់កាប់​ទឹកដី​មួយ​ភាគ​ធំ របស់​ប្រទេស​ស៊ី​រី មាន​រូបរាង កកើត​ចេញពី​គំនិត​ស្អប់​នយោបាយ​ផ្តាច់ការ​របស់លោក​ប្រធានាធិបតី​បា​ស្ហា អាល់ អាសាដ​។ យុវជន​នៅ​អឺរ៉ុប​ជាច្រើន ដែល​ទាក់ទាញ​ដោយ​រូបភាព​កាប់សម្លាប់​របស់​ទាហាន​រដ្ឋាភិបាល​បានធ្វើ​ដំណើរ ទៅ​ចូលរួម​ក្នុង​ក្រុមប្រឆាំង​ស៊ី​រី ដែល​មួយ​ភាគ​ធំ ដឹកនាំ ក្រុម​ជី​ហាត​។ អ្នកជំនាញ​ជាច្រើន​ជឿថា ក្រុម​ជី​ហាត កាន់តែ​រីក​មាឌធំ​ឡើង ដោយ​មកពី​ធ្លាប់មាន​ជំនួយ ឧបត្ថម្ភ គាំទ្រ ពីដំបូង​ឡើយ ពី​ប្រទេស​នៅ​អារ៉ាប់ ដូចជា​អា​រ៉ា​ប៊ី សា​អូឌីត​ជាដើម ដែល​ចង់​ឲ្យ​របប​លោក​បា​ស្ហា អាល់​អាសាដ ដួលរលំ​។ ប៉ុន្តែ ក្រុម​ជី​ហាត ចាប់ផ្តើម​ឡើងចាង និង​ប្រកាស​បង្កើត​រដ្ឋ​អ៊ីស្លាម បន្ទាប់ពី​បាន​វាយ​កាន់កាប់​តំបន់​មាន​ប្រេង សំខាន់ៗ របស់​ស៊ី​រី និង​អ៊ីរ៉ាក់​។ ទាំង​អាមេរិក និង​ប្រទេស​អារ៉ាប់ នៅ​តំបន់​ដើម​បូព៌ា បានចាត់ទុក​ក្រុម​ជី​ហាត នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម ថា ជា​គ្រោះថ្នាក់​គម្រាមកំហែង សន្តិសុខ ពិភពលោក​ទាំងមូល​។​

នៅពេលដែល​គ្រប់គ្នា​ផ្តោត ចាប់អារម្មណ៍ តែ​ទៅលើ​ក្រុម​ជី​ហាត នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម របប​ផ្តាច់ការ​របស់​បា​ស្ហា អាល់ អាសាដ​សឹង​ត្រូវគេ​បំភ្លេចចោល​។ សហគមន៍​អន្តរជាតិ​ហាក់ ធ្វើគ ធ្វើ​ថ្លង់ បើទោះបីជា​ទាហាន​ស៊ី​រី បន្ត​វាយប្រហារ​ទៅលើ​ក្រុមប្រឆាំង​ស៊ី​រី​នៅក្នុង​ប្រទេស​ក្តី​។ ចាប់​តាំង ពី​សង្គ្រាមស៊ីវិល​ផ្ទុះ នៅ​ស៊ី​រី មនុស្ស​យ៉ាងតិច ២​សែន​នាក់​បាន​ស្លាប់​។ ប្រជាជន​ស៊ី​រី​ជាង ៤​លាន​នាក់​បាន​រត់​ចេញពី ប្រទេស និង​ទៅ​ជ្រកកោន ក្នុង​ជំរំ​ភៀសខ្លួន ក្នុងប្រទេស​ជិតខាង ដូច​ជាលី​បង់​ជាដើម​។ មន្ត្រី​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ខាង​ជនភៀសខ្លួន​កំពុង​បារម្ភ ពី​វិបត្តិ​មនុស្សធម៌ និង​សង្គម​ស៊ី​រី ព្រោះថា យុវជន​ស៊ី​រី ប្រមាណ ២​លាន​នាក់ ដែលមាន​អាយុ ក្រោម ១៨​ឆ្នាំ និង​ស្គាល់​តែ​សង្គ្រាម នឹង​អាច​ក្លាយ​ជំនាន់​វង្វេងវង្វាន់​មួយ ដោយសារតែ​គ្មាន​ការសិក្សាអប់រំ​។​

ក្រៅពីនោះ អង្គការ​អន្តរជាតិ​ខកចិត្ត​ផងដែរ​ទៅលើ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​នៅក្នុង ពិភពលោក ដែល​អសមត្ថភាព មិនអាច​បញ្ចប់​វិបត្តិ​នៅ​ស៊ី​រី​។ ចាប់តាំងពី​មាន​សង្គ្រាម​ផ្ទុះ​នៅ​ស៊ី​រី អន្តរការី ពីររូប​របស់​អង្គការសហប្រជាជាតិ ដើម្បី​ចរចា សន្តិភាព​នៅ​ស៊ី​រី បាន​បោះបង់ចោល​សមរភូមិ ដោយសារតែ​មិនអាច​បង្រួបបង្រួម ភាគី​ជម្លោះ​។ ក្តីសង្ឃឹម​រក​សន្តិភាព សម្រាប់​ស៊ី​រី មាន​តិចតួច​ណាស់ នោះ​បើទោះបីជា ទីក្រុង​ម៉ូស្គូ សម្ព័ន្ធមិត្ត​របស់រប​ប​ស៊ី​រី មាន​គម្រោង​បង្កើត​ជំនួប​រវាង​ក្រុមប្រឆាំង​ស៊ី​រី និង​រដ្ឋាភិបាល នៅ​ប្រទេស​រុស្ស៊ី នៅ​ខែមេសា​ក៏ដោយ​៕ RFI

2014-10-10ការប្រយុទ្ធ​គ្នា​រវាង​ពួក​ជី​ហាត និង​ក្រុម​គួ​ដ​ស៊ី​រី នៅ​ភាគ​ខាងជើង​ស៊ី​រី នៅ​ទីក្រុង​កូ​បា​ណេ​