ព្យុះ​ថូ​ណា​ដូ​វាយប្រហារ​ឥណ្ឌូនេស៊ី​ធ្វើ​ឲ្យ​មនុស្ស​៣៥​នាក់​រងរបួស និង​បំផ្លាញ​លំនៅឋាន​រាប់រយ​ខ្នង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2017 ក+ ក-

​ឥណ្ឌូនេស៊ី ៖ ប្រធាន​មន្ត្រី​បន្ថយ​គ្រោះមហន្តរាយ​បាន​និយាយថា កាលពី​ថ្ងៃ​ពុធ​ព្យុះ​ថូ​ណា​ដូ​បាន​បក់បោក​នៅ​តំបន់​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​បំផុត​មួយ​នៅ​ខេត្ត​ចា​វ៉ា​ខាងកើត (East Java) នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​៣៥​នាក់​រងរបួស​និង​បំផ្លាញ​លំនៅឋាន​ជាង​៦០០​កន្លែង​។​
​ប្រព័ន្ធ​ផ្សព្វផ្សាយ​មូលដ្ឋាន​បាន​រាយការណ៍​ថា ព្យុះ​ថូ​ណា​ដូ​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​៧០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​នេះ​បាន​វាយប្រហារ​បង្ក​ការបំផ្លិចបំផ្លាញ​ភូមិ​ចំនួន​៣​កន្លែង​នៅ​តំបន់​ស៊ី​ដូ​ចូ (Sidoarjo) នៅ​ខេត្ត​ចា​វ៉ា​។​
​រូបភាព​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​កម្លាំង​ខ្យល់​បក់​កួច​នាំយក​វត្ថុ​ផ្សេងៗ​ឡើង​ទៅលើ​អាកាស ហើយ​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​តំបន់​ស៊ី​ដូ​ចូ​បាន​រង​ការវាយប្រហារ​ដោយ​ព្យុះ​ថូ​ណា​ដូ​នៅ​ឆ្នាំនេះ​។​
​ទីភ្នាក់ងារ​បន្ថយ​គ្រោះមហន្តរាយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយថា មនុស្ស​ប្រហែល​១០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​លំនៅឋាន​ទៅរក​កន្លែង​មាន​សុវត្ថិភាព​ដូចជា​នៅតាម​សាលារៀន​និង​ព្រះវិហារ​ជាដើម ខណៈ​មនុស្ស​មួយចំនួនទៀត​បាន​ទៅ​ស្នាក់នៅ​សាច់ញាតិ​នៅ​តំបន់​ផ្សេងទៀត​៕