ចៅក្រម​ស៊ើបសួរ​ដោះលែង​នាយក​សាខា​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន​ប្រចាំខេត្ត​កណ្តាល និង​មេការ​៣​នាក់​នៅក្រៅ​ឃុំ​ករណី​ជំនួញ​ឈើ​គ្រញូង​ជាង​៣​តោន​នៅ​ក្រុង​តាខ្មៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2017 ក+ ក-

​ខេត្តកណ្ដាល ៖ ករណី​ជំនួញ​ឈើ​គ្រញូង​ជាង​៣​តោន ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​ខេត្តកណ្តាល បង្ក្រាប​នៅ​ក្រុង​តាខ្មៅ កាលពី​ថ្ងៃទី​១០ ខែ វិច្ឆិកា ឆ្នាំ​២០១៧ ឈានដល់​ការឃាត់​មនុស្ស​១៩​នាក់ តែមាន​តែម​នុស្ស​៤​នាក់​ប៉ុណ្ណោះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មក​តុលាការ ដើម្បី​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។ ក្រោយ​ឃុំខ្លួន​ត្រឹម​១២​ថ្ងៃ​ប៉ុណ្ណោះ លោកស្រី ពេជ្រ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល បានសម្រេច​ដោះលែង​។​
​ប្រភពព័ត៌មាន​ពី​មន្ត្រី​នៅក្នុង​សាលាដំបូង​ខេត្តកណ្តាល បាន​បង្ហើប​ឱ្យដឹង​នៅថ្ងៃនេះ ថា ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​ឈ្មោះ ដូ យ៉ាំង​ឡាំ ឈ្មោះ លួង ច​ន្ធី ឈ្មោះ ដាំង យាំ​តាំ និង ឈ្មោះ ឱម តុលា​រតន៍ ត្រូវបាន​លោកស្រី ពេជ្រ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល ចេញ​ដីកា​សម្រេច​អនុញ្ញាតឱ្យ​ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន តាមរយៈ​ដីកា​លេខ​២៩៣០ ដ ក ស ក្រ ឃ ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​ករណី​ដោះលែង​នេះ អ្នកឆ្លើយឆ្លង​ព័ត៌មាន ទូរទស្សន៍ អាស៊ី អាគ្នេយ៍ ប្រចាំខេត្ត​កណ្តាល មិនទាន់​ទទួលបាន​ការពន្យល់ ពី​អ្នកនាំពាក្យ​តំណាង អយ្យការ អម​សាលាដំបូង​ខេត្តកណ្តាល គឺ លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​នៅឡើយ ដោយសារ​លោក បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​បាន​សុំច្បាប់ បច្ចុប្បន្ន​លោក​នៅក្រៅ​ប្រទេស ។ ចំណែក ប្រធាន សាលាដំបូង​ខេត្តកណ្តាល គឺ លោក ហុក វ៉ាន់​ធី​ណា ក៏​នៅ​មិនទាន់​ទទួល​ការពន្យល់​នៅឡើយ​ដែរ ដោយសារ​ម្សិល​ម៉ិ​ញ លោក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ជា​ថ្ងៃ​ឈប់សម្រាក​ជាប់​ជា​ជីវិត​ឯកជន​របស់ លោក ។​
​គួរ​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​នៃ​អយ្យ ការ អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​បើក​ការ​ពីបទ​”​ប្រមូល​ផល អនុផល​ព្រៃឈើ​ប្រភេទ កម្រ (​គ្រាក់ ក្រញូង​)​ដើម្បី​បើក​ការ​ស៊ើបសួរ តាម​មាត្រា​៩៨​នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ ។​
​ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា ម្ចាស់​ទីតាំង​ឈ្មោះ អ៊ី ស្រុ​ន ភេទ​ប្រុស ពុំ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទេ ដោយសារតែ​រក​ពុំទាន់​ឃើញ​បទល្មើស ។ ប៉ុន្តែ តុលាការ​កំពុង​បន្ត​នីតិវិធី ហើយ​បើ​រកឃើញថា ម្ចាស់ផ្ទះ​មាន​ជាប់​ពាក់ព័ន្ធ តុលាការ​នឹងមាន​ចំណាត់ការ​បន្តទៀត ។​
​ឈើ​ក្រញូង​រាប់ពាន់​កំណាត់ ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បង្ក្រាបបាន​នៅក្នុង​ផ្ទះ​ដែលជា​ទីតាំង​ស្តុក​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​លេខ ១១៥ ស្ថិតក្នុង​ភូមិ​តា​ក្ដុល​ត្បូង​សង្កាត់​តា​ក្ដុល ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ជាង​១០​យប់ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​
​លោក លី សុជាតិ នាយរង ការិយាល័យ នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល​បានឱ្យដឹងថា​ផ្ទះ​ស្តុក​ឈើ​ក្រញូង​ខាងលើ មាន​ម្ចាស់ ផ្ទះ​ឈ្មោះ អ៊ី ស្រុ​ន ភេទ​ប្រុស ជួល​ផ្ទះ ទៅឱ្យ​ក្រុមហ៊ុន បណ្ដាញទូរស័ព្ទ ដាក់​សម្ភារៈ ផ្សេងៗ និង​ស្តុក​ឈើ ។​
​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខាងលើ គឺ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​ខេត្តកណ្តាល ដោយមាន​ការសម្របសម្រួល​ពី​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល និង​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារ​រង​ខេត្តកណ្តាល​។​
​កម្លាំង​បាន​ចូល​ឆែកឆេរ​លំនៅដ្ឋាន​ខាងលើ រកឃើញ​ឈើ​ក្រញូង​ជាច្រើន​ពាន់​កំណាត់ ផ្ទុក​ក្នុង​រថយន្ត ពីរ គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ និង​ម៉ាក​កាមរី និង​ឈើ​ក្រញូង ច្រក​ក្នុង​បាវ​ជាច្រើន​បាវ ហើយ​ថែមទាំង​បាន​ឃាត់ខ្លួន មនុស្ស​១៩​នាក់​ទៀតផង ។​
​ករណីនេះ​សមត្ថកិច្ច​បាន​តាម​ប្រមាញ់​ចាប់​រថយន្ត​ដឹកឈើ​ក្រញូង​ខាងលើ​ដែល​កំពុងបើក​តាមផ្លូវ​ជាតិ ពេលនោះ គឺ​កម្លាំង​បាន​តាម​រថយន្ត​ខាងលើ​រហូត ដល់​រថយន្ត​នោះ​បើ​ចូល​ផ្ទះមួយ​កន្លែង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​១១៥ និង​បាន​បិទទ្វារ​ផ្ទះ​ជិត​។​ភ្លាមនោះ​លោក​ក៏បាន​សុំ​គោលការណ៍​ធ្វើការ​ឆែកឆេរ​ភ្លាមៗ រកឃើញ​ឈើ​ក្រញូង​ជាច្រើន​ពាន់​កំណាត់​៕