លោក ជា ចំរើន ដាក់ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2017 ក+ ក-

ភ្នំពេញ ៖ ជា​បុគ្គល​ឯករាជ្យ លោក ជា ចំរើន នៅពេលនេះ​បានដាក់​លិខិត​ទៅកាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សុំចូល​ជា​សមាជិក​របស់​គណបក្ស ប្រជាជន​កម្ពុជា​ជា​ផ្លូវការ​។​
​ ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​២៤ វិច្ឆិកា ឆ្ន​ឈ​២០១៧ លោក ជា ចំរើន បាន បញ្ជាក់ថា លោក​ពិតជា​បានដាក់​លិខិត​មួយច្បាប់​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សុំចូល​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រកបដោយ សមត្ថភាព ប្រាជ្ញា​ឈ្លាសវៃ និង​គុណធម៌ ដោយ​ខ្លឹមសារ​នៃ​ពាក្យស្នើសុំ​នេះ​សូម​ឲ្យ​សម្តេច​ប្រធាន​គណ បក្ស មេត្តា​ពិនិត្យ និង​អនុញ្ញាត​ឲ្យ​រូបលោក​បាន​ចូល​ជា​សមាជិក គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ក្តី អនុគ្រោះ​បំផុត​។​
​ ​លោក ជា ចំរើន បាន​បញ្ជាក់ថា ពាក្យ​សុំចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បាន ដាក់ជូន ទីស្នាក់ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា (​គ​៨៥) រួចហើយ​។ លោក​បាន​បន្ថែមថា មុននឹង​សុំចូល ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នាពេលនេះ​លោក​ជា​បុគ្គល​ឯករាជ្យ និង​ជា​អ្នកធ្វើការងារ​តាម របៀប​ជា​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​ជួយ​សង្គម ហើយ​ថា​ការដែល រូបលោក​សម្រេចចិត្ត​សុំចូល​ជា សមាជិក​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នាពេលនេះ ព្រោះ​ក្តី​ស្រឡាញ់​បំផុត​ចំពោះ​គណបក្ស និង មិនបាន​សម្លឹង​ឃើញ​ពី​តំណែង ឬក៏​តួនាទី​អ្វីមួយ​ដែល​គណបក្ស​នឹង​ផ្តល់​មក​ឲ្យ​រូបលោក​នោះ​សោះ ក្នុង ករណី​ដែល​សម្តេច​ប្រមុខ​គណបក្ស​សម្រេច​ទទួល​យក​រូបលោក​ឲ្យ​ចូល​ជា​សមាជិក​បក្ស​តាម​ការស្នើសុំ​នេះ ឬក៏​យ៉ាងណា​នោះ​។
​បើទោះបីជា​មានការ​ស្នើសុំ​មិនឱ្យ​សារព័ត៌មាន​លើកឡើង​ពី​និន្នាការ​ក្នុង​អតីតកាល​របស់លោក យ៉ាងណាក្តី ក៏​លោក ជា ចំរើន ត្រូវបាន​គេ​ស្គាល់​លោក​ជាទូទៅ​ថា លោក​ធ្លាប់ជា​មន្ត្រីជាន់ខ្ពស់​មួយរូប ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេលកន្លងមក​៕