សម្តេច​តេ​ជោ ហ៊ុន សែន ៖ មិនមាន​អ្វី​កើតឡើង​ចំពោះ​រូបខ្ញុំ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅ​ប្រមាណ​ជា​ម៉ោង​៩​ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​មុខមក​បញ្ជា​ក់​ប្រាប់​សាធារណៈជន​ថា សម្តេច​មិនមាន​អ្វី​កើតឡើង ចំពោះ​រូប​សម្តេច​ឡើយ​។​
​ការ​ចេញមក​បញ្ជាក់ របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​អះអាងថា សារព័ត៌មាន Fresh News ត្រូវបាន​គេ​ហេ​ក​ចូល​ដោយ​ចុះផ្សាយ​ព័ត៌មាន​ថា មានការ​ធ្វើឃាត​រូប​សម្តេច​តេ​ជោ​កាលពី​ម៉ោង​៥​ព្រឹក​មិញ​នេះ​។​
​សម្តេច​តេ​ជោ​បានសរសេរថា “​កាលពី​ព្រឹក​មិញ​នេះ គឺមាន​ព័ត៌មាន​បង្ហោះ​នៅលើ​សារព័ត៌មាន​ហ្វេ​ស​ប៊ុ​ក Fresh News ថា​មានការ​ធ្វើឃាត​រូបខ្ញុំ ដែល​ព័ត៌មាន​នេះ​គឺជា​ព័ត៌មាន​មិន​ពិត ប្រឌិត​មានបំណង​អាក្រក់​បង្កចលាចល​ដោយ​ជន​ទុច្ចរិត និង​ជនខិលខូច​មួយចំនួន​ដែល​បាន​លួច​ចូល (Hack) ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុមការងារ Fresh News​។ ប៉ុន្តែ​ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ហើយ​។​ខ្ញុំ​សូមបញ្ជាក់ថា មិនមាន​អ្វី​កើតឡើង​ចំពោះ​រូបខ្ញុំ​ទេ​។ សូម​អរគុណ​ជនរួមជាតិ​ចំពោះ​ការគាំទ្រ និង​គោរព​ស្រឡាញ់​ចំពោះ​រូបខ្ញុំ​”​។​
​នៅ​ចុងបញ្ចប់ នៃ​ខ្លឹមសារ​របស់​សម្តេច ក៏បាន​ជូនពរ​បងប្អូន​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​៕