ចាប់ខ្លួន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ម្នាក់វាយ​យុវជន​៣​នាក់ និង​បាញ់បោះ​តាម​អំពើ​ចិត្ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារតែ​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ជិះ​រថយន្ត ទំនើប​មួយគ្រឿង​ម៉ាក BMW ស្លាក​លេខ​ភ្នំពេញ 2AG-7898 បើក​គៀរ​ជនរងគ្រោះ​ហើយ ហើយ​ដក​កាំភ្លើង​វាយ និង​បាញ់កាំភ្លើង​គំរាម​គេ​ទៀត​។ ហេតុការណ៍​នេះ​កើតឡើង​នៅតាម​ផ្ល​វ​៥៩៨ ជិត​ស្នងការ​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នា​ម៉ោងជាង​៨​យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​
តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ​ឲ្យ​ដឹងថា មុន​កើតហេតុ គឺ​យុវជន​៣​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង មិន​ចាំ​ម៉ាក តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្រាប់តែ​កំពុង​ជិះ​តាមផ្លូវ ក៏មាន​រថយន្ត​មួយគ្រឿង ជា​របស់​មន្ត្រីនគរបាល​ដែលជា​ជនបង្ក​ខាងលើ បាន​ជិះ​គៀរ​ម៉ូតូ​របស់​បុរស​ទាំង​៣ រួច​បន្តដំណើរ​មក​មុខ​បាត់ ។ បុរស​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ បន្តដំណើរ​មក​មុខ​ក៏​ឃើញ រថយន្ត​ដែល​គៀរ​ម៉ូតូ​របស់ខ្លួន​កំពុង​ឈប់​ភ្លាមនោះ បុរស​ទាំង​៣ បានឃើញ​មន្ត្រីនគរបាល​ដែលជា​ម្ចាស់​រថយន្ត កំពុងតែ​ឈ​នោម​រូបគេ​ទាំង​៣​បាន​ចុះ​ពី​ម៉ូតូ ដើរមក​រករឿង​ស្រាប់តែ មន្ត្រីនគរបាល​ដែលជា​ម្ចាស់​រថយន្ត បាន​យក​កាំភ្លើង​វាយ​ក្បាល​បុរស​ម្នាក់​ក្នុងចំណោម​បុរស​ទាំង​៣ បណ្តាល​ឲ្យ បែកក្បាល​ឈាម​ពេញមុខ បន្ទាប់ពី​វាយ​មិន​អស់ចិត្ត​ក៏​ដក​កាំភ្លើង បាញ់​សំឡុត​១​គ្រាប់​ទៀត​។ បន្ទាប់ពី​បាញ់​ហើយ​មន្ត្រី​ប៉ូលីស ដែលជា​ជនបង្ក​ខាងលើ​ព្យាយាម​រត់​ដែរ តែ​រត់​មិន​រួច​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សួរនាំ​។​
​ប្រភពព័ត៌មាន​បញ្ជាក់​ថា មន្ត្រីនគរបាល​នោះ​មានឈ្មោះ កេ​ត ផា​រ៉ែ​ន ថ្នាក់​ជា​អនុសេនីយ៍ទោ​៕