កូរ៉េខាងត្បូង​ព្រមាន​កូរ៉េខាងជើង មិន​ឲ្យ​បំពាន​កិច្ចព្រមព្រៀង​ជាថ្មី​ម្តងទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2017 ក+ ក-

សេ​អ៊ូ​ល ៖ កូរ៉េខាងត្បូង​បានចេញ​សេចក្តី​ព្រមាន​មិន​ឲ្យ​កូរ៉េខាងជើង​មានការ​បំពាន​កិច្ចព្រមព្រៀង​យុទ្ធសន្តិភាព​ជាថ្មី បន្ទាប់​នៅក្នុង​ខែវិច្ឆិកា​នេះ រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង​បាន​បំពាន​កិច្ចព្រមព្រៀង​នេះ​ម្តង​ហើយ គ្រា​ដែល​យោធា​កូរ៉េខាងជើង​បាន​បាញ់ និង​បង្ក​ឱ្យ​យោធា​របស់ខ្លួន​ម្នាក់​រងរបួស ខណៈដែល​ទាហាន​រូបនេះ​លួច​រត់គេច​ចេញពី​ដែនដី​កូរ៉េខាងជើង ដោយ​ឆ្លងកាត់​បន្ទាត់​ព្រំដែន​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters​។​
​ទាហាន​កូរ៉េខាងជើង​ដែល​លួច​រត់គេចខ្លួន​រូបនេះ​ត្រូវបាន​ក្រុម​ទាហាន​ខ្លួន​ដេញតាម​បាញ់​បណ្តាល​រងរបួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​ទាហាន​កូរ៉េខាងត្បូង​ជួយសង្គ្រោះ និង​ជាសះស្បើយ​ឡើងវិញ បន្ទាប់ពី​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កូរ៉េខាងត្បូង​។ ហេតុការណ៍​នេះ​បានកើត​ឡើង ខណៈដែល​ភាព​តានតឹង​កើតមាន​រវាង​រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង ជាមួយនឹង​អន្តរជាតិ ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​។​
​សូមបញ្ជាក់ថា ទាហាន​កូរ៉េខាងជើង​ម្នាក់ បាន​រត់​ឆ្លងកាត់​បន្ទាត់​ព្រំដែន​ទៅ​ប្រទេស កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា​កន្លងទៅនេះ ដោយ​វីដេអូ​ត្រូវបាន​ចេញផ្សាយ​ដោយ​មេបញ្ជាការ​យោធា​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង សេ​អ៊ូ​ល បង្ហាញ​ពី​ការបំពាន​បទ​ឈប់​បាញ់​ពី​សំណាក់​ដ្ឋា​ភិ​បាល ក្រុង​ព្យុងយ៉ាង ដែល​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​បញ្ចប់សង្គ្រាម​ឆ្នាំ​១៩៥០​ដល់​ឆ្នាំ​១៩៥៣៕