រអិល​បាក់​ដី​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​ឆក់យក​ជីវិត​មនុស្ស​៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2017 ក+ ក-

ចិន ៖ មន្ត្រី​មូលដ្ឋាន​បាន​និយាយថា មនុស្ស​ចំនួន​៦​នាក់​បាន​ស្លាប់ និង​ចំនួន​៩​នាក់​ទៀត​បាន​រងរបួស​ក្រោយពី​ដី​បាន​រអិល​ធ្លាក់​ទៅលើ​អ្នកដំណើរ​ជាច្រើន និង​យានយន្ត​កង់​បី​មួយគ្រឿង​ដែល​បើក​ឆ្លងកាត់​កន្លែង​នោះ​កាលពី​ចុង​សប្ដាហ៍​មកនេះ​នៅ​តំបន់​ស្វយ័ត​ហ្គ័​ង​ស៊ី​ហ្ស័​ង​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​។​
​មន្ត្រី​អាជ្ញាធរ​បានបញ្ជាក់​ថា មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​ម្នាក់ទៀត​បាន​ស្លាប់​នៅតាម​ផ្លូវ​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​ជនរងគ្រោះ​ទាំងអស់​បច្ចុប្បន្នកំពុង​ទទួល​ការព្យាបាល​នៅតាម​មន្ទីរ​នៅក្បែរ​កន្លែងកើតហេតុ​។​
​ជនរងគ្រោះ​ម្នាក់​បាន​និយាយថា ដំបូង​ឡើយ​មាន​ដុំថ្ម​តូចៗ​រមៀល​ធ្លាក់​ពីលើ​ភ្នំ​បន្ទាប់មក​ដុំថ្ម​ធំៗ​បាន​ធ្លាក់​មកជា​បន្តបន្ទាប់​ត្រូវចំ​រថយន្ត​របស់​ពួកគេ​ដែល​ស្ថិត​នៅក្បែរនោះ​។​
​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​បិទផ្លូវ​នៅ​ជុំវិញ​កន្លែង​គ្រោះថ្នាក់​នេះ ហើយ​ពេលនេះ​ពួកគេ​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅឡើយ​៕