រថយន្ត​បា​ឡែ​ន​បុក​គោយន្ត​ក​ន្ទ្រៃ​ពីក្រោយ​ស្លាប់​ម្នាក់ និង​របួស​ច្រើន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2017 ក+ ក-

ខេត្តរតនគិរី ៖ ​មនុស្ស​ម្នាក់​ស្លាប់ និងច្រើននាក់ផ្សេងទៀតរង​របួសធ្ងន់​ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​លំផាត់ លើផ្លូវ​ជាតិ​លេខ​៧៦ ចន្លោះ​បង្គោល​គីឡូ​លេខ ២៧៣-២៧៤ ស្ថិតនៅ​ភូមិ​លំផាត់ ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ។​
​អធិការនគរបាល​ស្រុក​លំផាត់ លោក ថេ​ង ច​ន្ទ័​ធី បាន​ឲ្យ​ដឹងថា រវាង​រថយន្ត​បា​ឡែ​ន នឹង​គោយន្ត​កន្ត្រៃ បើកបរ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា ពី​ត្បូង​ទៅ​ជើង មកដល់​ត្រង់ចំណុច​កើតហេតុ​ក៏​រថយន្ត​បា​ឡែ​ន​វ៉ា​ក់​អើរ​នឹង​គោយន្ត​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​តែម្តង​។ លោក​អធិការ​បាន​បន្តថា បណ្តាលមកពី​គោយន្ត​ក​ន្ទ្រៃ​មិន​បានដាក់​ចំណាំងផ្លាត​ជា​សញ្ញា​អ្នក​ក្រោយ​មិនបាន​មើលឃើញ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ ចាន់ រស្មី ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ស្រុក​កោះ​ញ៉ែ​ក រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ ២S.៣១៧៨ ក្រោយ​កើតហេតុ​រត់គេចខ្លួន​បាត់​។​
​ក្រោយ​កើតហេតុ​កម្លាំង​អធិការនគរបាល​ស្រុក​សហការ​ជាមួយ​នគរបាល​ខេត្ត​ចុះមក​អន្តរាគមន៍ និង​វាស់វែង​ជួយ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នឹង​រថយន្ត​មណ្ឌល​សុខភាព​ស្រុក​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​
​ដោយឡែក​អ្នកស្លាប់​ខាង​ភាគី​គោយន្ត​ក​ន្ទ្រៃ​ម្នាក់ និងរង​របួសធ្ងន់​ស្រាល​ជាច្រើន​អ្នក​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយសារ​ប្រញាប់​ដឹក​អ្នករបួស​ទាំងនោះ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​។​
​បច្ចុប្បន្ន​រថយន្ដ និង​គោយន្ត​កន្ត្រៃ សមត្ថកិច្ច​កំពុង​រក​មធ្យោបាយ​ស្ទូច យកមក​រក្សាទុក​បណ្ដោះ​អាសន្ន នៅ​អធិការដ្ឋាន​នគរបាល ស្រុក​លំផាត់​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕