បង្ក្រាប​ទីតាំង​ផលិត​សំបក​សាច់ក្រក​មួយកន្លែង​​ប្រើ​ជាតិគីមី និង​គ្មាន​ច្បាប់​អនុញ្ញាត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2017 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ ទីតាំង​ផលិត​សំបក​សាច់ក្រក​មួយកន្លែង ដែល​ផលិត​ដាក់​ជាតិគីមី និង​គ្មាន​ច្បាប់​អនុញ្ញាត ស្ថិតនៅ​ចំណុច​ដីឡូត៍​មួយកន្លែង នៅ​ភូមិ​ថ្មី​ពីងពង់ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ត្រូវបាន​កម្លាំងចម្រុះ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រសួងមហាផ្ទៃ​បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រកឃើញ ធុង​ប្រើ​រួច​ចំណុះ​១៥០​គីឡូក្រាម ចំនួន​១៣០០​ធុង​, ធុង​ប្រើ​រួច​ចំណុះ​២៥០​គីឡូក្រាម ចំនួន​១០០​ធុង​, ធុង​អំបិល​ចំណុះ​១៥០​គីឡូក្រាម ចំនួន​១០០០​ធុង​, ហី​ត្រូ​សែន ៥០% ចំណុះ​៣៥​លីត្រ ចំនួន​២៩​ធុង​ស្មើ​១០០០​លីត្រ​, ធុង​ពោះវៀន ប្រើប្រាស់​បាន​៣​ធុង ប្រភេទ​២៥០​គីឡូក្រាម ស្មើ​៧៥០​គីឡូក្រាម​, ធុង​ពោះវៀន​ប្រើប្រាស់​បាន​១៥​ធុង​ប្រភេទ ១០០​គីឡូក្រាម​ស្មើ​១៥០០​គីឡូក្រាម​, ធុង​ខ្លាញ់​សរ​សម្រាប់​លៀប​លើ​ក្រណាត់​ច្រក​ស្រោម ១៣​ធុង ចំណុះ​២៥​លីត្រ​ស្មើ ៣២៥​លីត្រ​, ថ្នាំលៀប​ឲ្យ​រអិល ៣​ប៉ាវ ៧៥​គីឡូក្រាម​, ទឹក​ពង្រីក​ពោះវៀន ២០​ធុង​ស្មើ​៧០០​គីឡូក្រាម​, អី​ធឺ​រ៉ុ​ក​st50 ៥​ធុង​ស្មើ ១,៧៥០​គីឡូក្រាម​, ធុង​ពោះវៀន​ចំនួន​៦៥០​ធុង ស្មើ​៩០០០​គីឡូក្រាម​, ស្រោម​សាច់ក្រក​ស្ងួត ៦៤​កេស​តូច ស្មើ ៨០០​គីឡូក្រាម​, ស្រោម​សាច់ក្រក​ស្ងួត ១៤​កេស​ធំ ស្មើ​១៨២​គីឡូក្រាម​, ស្រោម​សាច់ក្រក​ផលិត​រួច​២០​ដុំ ស្មើ ៤០​គីឡូក្រាម​, ស្រោម​សាច់ក្រក​ផលិត​រួច​៤​ថង់ ស្មើ ១២​គីឡូក្រាម​។​
​សមត្ថកិច្ច​បញ្ជាក់ថា ទីតាំង​ដែលមាន​ម្ចាស់​ឈ្មោះ កែប ប៊ុនធឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ បាន​យក​ផលិតផល​ដែល​គាត់​ផលិត​បាន​នោះមក​លក់​នៅ​ផ្សារ​អូ​ឫស្សី​រៀងរាល់ថ្ងៃ និង​ផ្សារ​មួយចំនួនទៀត​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​សារធាតុ​នាំចូល​មកពី​ប្រទេស​ចិន​។ សិប្បកម្ម​មួយ​នេះ​គ្មាន​ច្បាប់​អនុញ្ញាតិ ហើយ​ការផលិត​មាន​ជាតិគីមី​ហាមឃាត់ និង​ទីតាំង​គ្មាន​អនាម័យ​ប៉ះពាល់​បរិស្ថាន​។​
​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ដ​តាមច្បាប់ ចំពោះ​សិប្បកម្ម​មួយ​នេះ​៕