អាមេរិក​គ្រោង​ដករដ្ឋមន្ត្រី​ការបរទេសចេញពីតំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2017 ក+ ក-

វ៉ាស៊ីនតោន ៖ មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​អាមេរិក​បាន​ថ្លែងថា សេត​វិមាន​បានដាក់​ចេញ​នូវ​គម្រោង​ថ្មី ដោយ​គ្រោង​នឹង​ដក​រដ្ឋមន្ត្រីការបរទេស លោក Rex W.Tillerson ចេញពី​តំណែង បន្ទាប់​ទំនាក់ទំនងរ​វាង​លោក​ជាមួយ​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ ត្រូវ​រកាំរកូស​។ នេះ​បើតាម​សារព័ត៌មាន New York Times​។​
​មន្ត្រី​រូបនោះ​បញ្ជាក់ថា តំណែង​របស់លោក Tillerson នឹងត្រូវ​ជំនួស​វិញ​ដោយ​លោក Mike Pompeo ប្រធាន​ភ្នាក់ងារ CIA ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ហើយ​តំណែង​ជា​ប្រធាន​ភ្នាក់ងារ CIA របស់លោក Pompoe នឹងត្រូវ​បាន​ជំនួស​វិញ ដោយ​សមាជិកសភា​លោក Tom Cotton ជា​សមាជិក​បក្ស​សាធារណរដ្ឋ មកពី​រដ្ឋ​អា​ឡា​ស្កា​ដែល​បាន​ក្លាយជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​ប្រធានាធិបតី​អាមេរិក លើ​បញ្ហា​សន្តិសុខ​ជាតិ​។ លោក Cotton បានបង្ហាញ​សញ្ញា​ថា លោក​នឹង​ទទួល​តំណែង​នេះ ប្រសិនបើ​មានការ​តែងតាំង​លោក​មែន​នោះ​។
​ទោះបីយ៉ាងណា​រហូតមក​ទល់​ពេលនេះ គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​លោក ត្រាំ បានផ្តល់​សេចក្តីសម្រេច​ចុងក្រោយ​ស្តីពី​គម្រោង​នេះហើយ​ឬ​នៅ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា លោក​ពិត​ជាមាន​ជម្លោះ​ជាមួយ​លោក Tillerson ហើយ​ត្រៀម​ជាស្រេច​ក្នុងការ​ធ្វើកំណែទម្រង់​ទៅលើ​ក្រសួងការបរទេស​។​
​សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​រូបនេះ ធ្លាប់បាន​ហៅ​លោក ត្រាំ​ថា​ជា​«​មនុស្ស​ល្ងីល្ងើ​» ខណៈដែល​លោក​ត្រាំ បាន​រិះគន់​ជា​សាធារណៈ​ទៅលើ​លោក Tillerson វិញ​ថា​បាន​«​បំផ្លាញ​ពេលវេលា​របស់លោក​» ក្នុង​កិច្ចការ​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កូរ៉េខាងជើង​៕