សភា​នឹង​ប្រកាស​សុពលភាព​សមាជិក​សភា​បន្ថែម​១៦​រូប និង​សមាជិក​គ​.​ជ​.​ប​ថ្មី​៣​រូប​នៅ​ថ្ងៃ​៧​ធ្នូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ យោងតាម​ការ​ឲ្យ​ដឹងថា ពី​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​បញ្ជាក់ថា សភា​នឹង​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខ ដើម្បី​ប្រកាស​ផ្តល់​សុពលភាព សមាជិក​រដ្ឋសភា​បន្ថែ​ម​ទាំង​១៦​រូប​និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​ថ្មី​ចំនួន​៣​រូប ។​
​សមាជិកសភា​ចំនួន ១៦​រូប ដែល​រដ្ឋសភា​ប្រកាស​សុពលភាព នៅ​ថ្ងៃទី​៧ ធ្នូ ខាងមុខ​នឹងត្រូវ​ចូលធ្វើ​ពិធី​សម្បថ នៅ​ព្រះបរមរាជវាំង នា​រសៀល​ថ្ងៃ​៧​ធ្នូ នោះ​ផងដែរ ។​
​សូមជម្រាបថា សមាជិកសភា​ថ្មី​ចំនួន​១១​រូប គឺជា​សំណល់​អ​សនៈ​ដែល​បែងចែក​ឲ្យ​គណបក្ស​ផ្សេងៗ ហើយ​ទាំង​១១​អ​សនៈ​នោះ​ត្រូវបាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ។ ចំណែក​សភា​ថ្មី​៤​នាក់​ទៀត គឺ​ចូល​ជំនួស​តំណែង​សភា​របស់ CPP ដែល​បាន​លាលែង​ពី​តំណែង​សភា ។ ចំណែក​សមាជិក គ​.​ជ​.​ប ចំនួន​៣​រូប រួមមាន លោក​នុត សុខុម លោក ឌឹ​ម សាវ​ណ្ណា​រ៉ុ​ម និង​លោក​ហែល សារ៉ាត់ ជំនួស​សមាជិក គ​.​ជ​.​ប ៣​រូប​ដែល​បាន​លាលែង គឺ​លោក គួ​យ ប៊ុន​រឿន , លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​នី​រ៉ុង​” ៕