អ្នកសរសេរ​ប្លុក​ម្នាក់​ត្រូវ​តុលាការ​វៀតណាម​ទោស​ជាប់ពន្ធនាគារ​១០​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2017

​វៀតណាម ៖ មេធាវី​បាន​និយាយថា តុលាការ​មួយ​នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​គាំទ្រ​ការកាត់ទោស​ជាប់គុក​១០​ឆ្នាំ​ចំពោះ​អ្នកសរសេរ​ប្លុក​ម្នាក់​ដែល​ត្រូវគេ​ចោទ​ពីបទ​ឃោសនា​ប្រឆាំងនឹង​រដ្ឋ​ដែល​នេះ​ជា​សកម្មភាព​ចុងក្រោយ​ក្នុងការ​បង្ក្រាប​លើ​អ្នក​រិះគន់​នៃ​រដ្ឋ​ឯក​បក្ស​មួយ​នេះ​។​
​បើទោះបី​ជាមាន​កំណែទម្រង់​សេដ្ឋកិច្ច​ធំធេង​និង​ការបើក​ទូលាយ​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​សង្គម​រួមទាំង​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​និង​មនុស្ស​ប្តូរ​ភេទ​ក៏ដោយ​, គណ​បក្សកុម្មុយនិស្ត​ដែល​កំពុង​កាន់អំណាចរ​បស់​ប្រទេស​វៀតណាម​បាន​ត្រួតត្រា​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​តឹងរ៉ឹង​និង​មិន​អត់ឱន​ចំពោះ​ការរិះគន់​នោះទេ​។​
​នាង Nguyen Ngoc Nhu Quynh អាយុ​៣៧​ឆ្នាំ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា “Me Nam” ឬ “​មេ​ផ្សិត​” ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ប្លុក​អំពី​បញ្ហា​បរិស្ថាន​និង​ការស្លាប់​នៅក្នុង​ការឃុំ​ឃាំង​របស់​ប៉ូលិស​នោះ​គឺ​ត្រូវបាន​រកឃើញថា​មាន​កំហុស​នៅក្នុង​ខែមិថុនា​សម្រាប់​ការចែក​ចាយ​នូវ​អ្វីដែល​ប៉ូលិស​ហៅថា របាយការណ៍​ប្រឆាំងនឹង​រដ្ឋ​។​
​មេធាវី​ម្នាក់​របស់​នាង​បាន​និយាយ តុលាការ​មួយ​នៅ​ទីក្រុង​ភាគ​កណ្តាល Nha Trang បាន​គាំទ្រ​ការកាត់ទោស​របស់ Quynh​។​
​លោក Ha Huy Son បាន​ប្រាប់​រ៉​យ​ទ័​រ​តាម​ទូរស័ព្ទ​ថា “​ការកាត់ទោស​នេះ​មិនមាន​គោលដៅ​និង​មិន​យុត្តិធម៌​ទេ​។ Quynh បាន​និយាយថា នាង​គ្មាន​កំហុស​ទេ​ហើយ​នាង​បាន​អនុវត្ត​សិទ្ធិ​របស់​នាង​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់​”​។​
​កាលពី​ខែមីនា​ឆ្នាំ​២០០៩ នាង Quynh ត្រូវ​ជាប់​ក្នុង​មន្ទីរ​ឃុំខ្លួន​របស់​ប៉ូលិស​រយៈពេល​៩​ថ្ងៃ​ដោយសារ​ការទទួលបាន​មូលនិធិ​ពី Viet Tan ដែលជា​ក្រុម​សកម្មជន​វៀតណាម​មួយ​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ដែល​វៀតណាម​ហៅថា​ជា​ក្រុម​ភេរ​វករ​។​
​នាង Quynh ក៏បាន​និយាយ​ប្រឆាំងនឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Formosa Plastics Corp របស់​កោះ​តៃវ៉ាន់​ផងដែរ​ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះធម្មជាតិ​មួយ​ក្នុងចំណោម​គ្រោះមហន្តរាយ​បរិស្ថាន​ធំ​បំផុត​របស់​វៀតណាម​កា​លពី​ខែមេសា​៕