ជនភៀសខ្លួន​ស៊ី​រី​នៅក្នុង​ប្រទេស​ហ្ស៊​កដា​នី​ចាប់ផ្តើម​វិលត្រឡប់​ទៅ​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2017

ហ្ស៊​កដា​នី ៖ ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ហ្ស៊​កដា​នី​បាន​ថ្លែងថា ជនភៀសខ្លួន​ស៊ី​រី​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ហ្ស៊​កដា​នី​កាន់តែច្រើនៗ​ឡើង​បានចាប់ផ្តើម​វិលត្រឡប់​ទៅផ្ទះ​សម្បែង​រប​ស់​ពួកគេ​នៅក្នុង​ប្រទេស​ស៊ី​រី​វិញ​ហើយ ចាប់តាំងពី​ពួកគេ​បានដឹងថា​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ស៊ី​រី​កំពុងតែ​ដណ្តើមបាន​មកវិញ​នូវ​ប្រទេស​ទាំងមូល​ជា​បណ្តើរៗ​។​
​យោងតាម​ទិន្នន័យ​របស់​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ហ្ស៊​កដា​នី​, រដ្ឋាភិបាល​ហ្ស៊​កដា​នី​នឹង​បញ្ជូន​ជនភៀសខ្លួន​ស៊ី​រី​ចំនួន​២០០​នាក់​ត្រឡប់ទៅផ្ទះ​របស់​ពួកគេ​វិញ​ក្នុង​រយៈពេល​៣​ថ្ងៃ​ម្តង ហើយ​ជា​រៀងរាល់ថ្ងៃ​មាន​ជន​ភៀ​ខ្លួន​ស៊ី​រី​ប្រហែល​២​រយ​នាក់​បាន​ទៅ​ចុះឈ្មោះ​ដើម្បី​ត្រឡប់​ទៅវិញ​។​
​នាយក​នៃ​នាយកដ្ឋាន​កិច្ចការ​ជនភៀសខ្លួន​ស៊ី​រី​របស់​ប្រទេស​ហ្ស៊​កដា​នី​បាន​និយាយថា ពួកគេ​បាន​ណែនាំ​ឲ្យ​ជនភៀសខ្លួន​ស៊ី​រី​បន្ត​ស្នាក់នៅ​ក្នុងប្រទេស​របស់​គេ​មួយរយៈ​ពេល​ខ្លី​ទៀត​សិន បន្ទាប់ពី​ពួកគេ​បានទទួល​ការអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ខណៈដែល​ស្ថានភាព​នៅក្នុង​ប្រទេស​ស៊ី​រី​នៅ​មិនទាន់​ស្ងប់ស្ងាត់​ទាំងស្រុង​នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា កាលពីដើម​ខែវិច្ឆិកា ទីក្រុង​អាល់​ប៊ូ​កា​ម៉ា​ល់ (Albu Kamal) ដែលជា​ទីក្រុង​ធំ​ចុងក្រោយ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​អាយ​ស៊ី​ស​នេះ​ត្រូវបាន​កងទ័ព​ស៊ី​រី និង​កម្លាំង​សម្ព័ន្ធមិត្ត​វាយ​ដណ្ដើមយក​មកវិញ​។ មកដល់ពេលនេះ ក្រុម​អាយ​ស៊ី​ស​នៅ​គ្រប់គ្រង​តែ​តំបន់​មួយចំនួន​ប៉ុណ្ណោះ​នៅក្នុង​តំបន់​វាល​ខ្សាច់​ដាច់ស្រយាល និង​ភូមិ​មួយចំនួន​នៅក្បែរនោះ ព្រមទាំង​នៅក្នុង​តំបន់​តូចៗ​មួយចំនួន​នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​៕