សេត​វិមាន​​ច្រានចោល​ព័ត៌មាន​ដកតំណែង​រដ្ឋមន្ត្រីការបរទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2017

​វ៉ាស៊ីនតោន ៖ សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ព្រឹក​នេះ​ថា សេត​វិមាន​បានចេញ​មុខ​ទាត់ចោល សេចក្ដីរាយការណ៍​មួយ​ដែលថា លោក រិច ធី​ល្លឺ​សុន នឹងត្រូវ​បណ្ដេញ​ចេញពី​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិ និង​ជំនួស​មកវិញ​នូវ​លោក Mike Pompeo​។​
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​អ្នកនាំពាក្យ​សេត​វិមាន លោកស្រី Sarah Sanders បាន​បញ្ជាក់ថា «​លោក រិច ធី​ល្លឺ​សុន នឹង​បន្ត​ដឹកនាំ​ក្រសួងការបរទេស​អាមេរិក ហើយ​ព័ត៌មាន​ដែលថា រូបលោក​នឹងត្រូវ​ដកដំណែង គឺជា​រឿង​មិន​ពិត​»​។ ប៉ុន្តែ​ទន្ទឹមគ្នា​នោះ លោកស្រី Sanders បាន​បន្តទៀតថា នៅពេល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាត់បង់​ការជឿទុកចិត្ត​លើ​នរណាម្នាក់ នោះ​ពួកគេ​មិនអាច​បន្ត​កាន់តំណែង​បាន​ទៀត​នោះទេ​។​
​សូមបញ្ជាក់ថា សារព័ត៌មាន​ធំៗ​មួយចំនួន​បានចេញ​ផ្សាយ​សេត​វិមាន​គ្រោង​នឹង​បណ្ដេញ​លោក រិច ធី​ល្លឺ​សុន ចេញពី​តំណែង​រដ្ឋមន្ត្រីការបរទេស​អាមេរិក និង​ជំនួស​មកវិញ​ដោយ​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​អាមេរិក CIA លោក Mike Pompeo៕