សភា​នឹង​ប្រគល់​តំណែង​ទាំងអស់​របស់​អតីត CNRP ឱ្យ​ហ្វ៊ុនស៊ិនប៉ិច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2017 ក+ ក-

ភ្នំពេញ ៖ រដ្ឋសភា​គ្រោង​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មី​១៦​រូប​បន្ថែម នៅ​ថ្ងៃទី​៧ ធ្នូ នេះ នៅក្នុង កិច្ចប្រជុំពេញអង្គ​មួយ ហើយ​រដ្ឋសភា​ក៏​នឹង​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋសភា​ឲ្យ​បាន​ត្រឹមត្រូវ ផង ដែរ មុនពេល​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​ឡើងវិញ​។ ក្រោយ​ពេលនេះ​មួយថ្ងៃ គឺ​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ ២០១៧ រដ្ឋសភា នឹង​ប្រជុំ​សម្រេច​ប្រគល់​កៅអី​អនុប្រធាន​ទី​១ និង​គណៈកម្មការ​ជំនាញ​រដ្ឋសភា របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​ទំនេរ ទៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទាំងអស់ ។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ឯ​.​ឧ ឡេង ប៉េងឡុង ។​
​ឯ​.​ឧ ឡេង ប៉េងឡុង បានបញ្ជាក់ ថា ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ឲ្យ​សមស្រប​ទៅនឹង​អាសនៈ ក្នុង​រដ្ឋសភា ដែលមាន​តំណាងរាស្ត្រ​១២៣​រូប ចូល​បំពេញការងារ​ជំនួស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នោះ រដ្ឋសភា​នឹង​សម្រេច​បែងចែក​អាសនៈ​អនុប្រធាន​ទី​១ និង​គណៈកម្មការ​ជំនាញ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទាំងអស់​។​
​ ឯ​.​ឧ ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹងផង​ដែរ​ថា អ្នកតំណាងរាស្ត្រ​ថ្មី មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច នឹង​ទទួលបាន​តួនាទី​ជា​ប្រធាន អនុប្រធាន និង​សមាជិក​នៃ​គណៈកម្មការ​ជំនាញ​ទាំង​១០ របស់​រដ្ឋសភា​។​ក្នុងនោះ តួនាទី​ជា​ប្រធាន​គណៈកម្មការ​ចំនួន​៥ និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ចំនួន ៥​។​
​សូមជម្រាបថា គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា ៥ ដែល​នឹងត្រូវ​បែងចែក​តួនាទី ជា​ប្រធាន​គណៈកម្មការ ទៅ​ឲ្យ​គណបក្ស​ទាំង​៣ ដែល​ទើប​ទទួលបាន​អាសនៈ​នៅ​រដ្ឋសភា រួមមាន​៖១-​គណៈ កម្ម​ការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ២-​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិ​វ​ឌ្ឈ​ន៍​ជនបទ បរិស្ថាន និង​ធនធានទឹក ៣-​គណៈកម្មការ​អប់រំ យុវ ជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ៤-​គណៈកម្មការ​សុខាភិបាល សង្គម កិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី និង​៥-​គណៈ កម្ម​ការអង្កេត បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ​។ រីឯ​គណៈកម្មការ​រដ្ឋ​សភា ៥ ទៀត ដែល​គណបក្ស​ទាំង ៣ ទើបតែ​ទទួលបាន​អាសនៈ​ថ្មី នៅ​រដ្ឋសភា គឺជា​គណៈកម្មការ ដែលមាន​ប្រធាន មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។​
​ទាក់ទង​នឹង​អាសនៈ​គណៈកម្មការ​ជំនាញ​វិញ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ត្រូវបាន​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ទី​១, គណៈកម្មការ​ជំនាញ​ទី​៣ ,​គណៈកម្មការ​ជំនាញ​ទី​៧, គណៈ​កម្ម ការជំនាញ​ទី​៨ និង​គណៈកម្មការ​ជំនាញ​ទី​១0 ព្រមទាំង​តួនាទី​អនុប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន​៥​ទៀត របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។​
​ទោះជា​យ៉ាងណាក្តី ឯ​.​ឧ​. ឡេង ប៉េងឡុង មិនបាន​បញ្ជាក់ថា តើ​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូប​ណា​ដែល​នឹងត្រូវ​បានទទួល​នូវ​តួនាទី​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​នោះទេ​។ កន្លងមក ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ធ្លាប់ជា​នាយករដ្ឋមន្ត្រី​ទី​១​នៃ​រាជ​រដ្ឋា ភិ​បាល និង​ជា​ព្រះប្រធានរដ្ឋសភា ហើយ​នៅពេល​ថ្មីៗ​នេះ ព្រះអង្គ​ធ្លាប់បាន​បដិសេធ​ទទួល​កៅអី​អនុប្រធាន​ទី​១​នេះ តែ​ព្រះអង្គ​បានបង្ហាញ​សញ្ញា​បើកផ្លូវ​ឲ្យ លោក យូ ហុកគ្រី នឹង​ក្លាយជា​អនុប្រធាន​៕