អាជ្ញាធរ​ជាតិ​អប្សរា បើក​សវនកម្ម​ផ្ទៃក្នុង​លើ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2017 ក+ ក-

​សៀមរាប ៖ នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ អង្គភាព​គ្រប់គ្រង​បរិស្ថាន​-​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន បើក​សវនកម្ម​ផ្ទៃក្នុង​លើ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ​ស្របតាម​ស្តង់ដារ​អន្តរជាតិ ISO14001-2015 នៅ​គ្រប់​នាយកដ្ឋាន​និង​អង្គភាព​ចំណុះ​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ពីថ្ងៃ​ទី​២៦ ដល់​២៨ ខែធ្នូ ឆ្នាំ​២០១៧​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក សុខ លក្ខិណា ប្រធាន​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ រួមទាំង​ថ្នាក់ដឹកនាំ​នាយកដ្ឋាន និង​អ្នកជំរុញ​ការងារ​បរិស្ថាន​គ្រប់​នាយកដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ជា​កិត្តិយស​។​

​លោក សុខ លក្ខិណា បានបញ្ជាក់​ពី​គោលបំណង​នៃ​ការបើក​សវនកម្ម​ផ្ទៃក្នុង​ថា ដើម្បី​ត្រួត​ពិនិត្យឡើងវិញ​នូវ​អ្វី​ជា​ភាពមិន​អនុលោម ចំណុច​តាម​អង្កេត និង​ចំណុច​ល្អប្រសើរ​នៅក្នុង​ស្ថាប័ន​ដែល​បាន​អនុវត្ត​កន្លងមក និង​ត្រៀមខ្លួន​ឱ្យ​ស្ថាប័ន​អន្តរជាតិ​ចុះមក​ធ្វើ​សវនកម្ម​លើ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​នា​ដើមឆ្នាំ​២០១៨​ខាងមុខនេះ​។

​លោក​ក៏បាន​បញ្ជាក់​ដែរ នេះ​ជា​ឆ្នាំ​ទី​១៤​ហើយ​ដែល​អង្គភាព​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ​បាន​ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន Japan Quality Assurance (JQA) អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ​ឱ្យ​តាម​ស្តង់ដារ​អន្តរជាតិ ហើយក៏​ជា​ឆ្នាំ​ទី​១​នៃ​ការអនុវត្ត​ស្តង់ដារ​ថ្មី គឺ​ISO14001-2015​។ បច្ចុប្បន្ន​ចំពោះ​ការធ្វើ​សវនកម្ម​កាន់តែ​ប្រកបដោយ​ភាពល្អប្រសើរ ព្រោះ​ចំនួន​សវន​ករ មានចំណេះ ជំនាញ និង​សមត្ថភាព​កាន់តែច្រើន ហើយ​សង្ឃឹម​នឹង​ទទួលបាន​វិញ្ញាបនបត្រ​ជាថ្មី​ម្តងទៀត​។ រយៈពេល​១៤​ឆ្នាំ​មកនេះ ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​បានទទួល​វិញ្ញាបនបត្រ​ចំនួន​៤​ដង​រួចមកហើយ មាន​ឆ្នាំ​២០០៤ ឆ្នាំ​២០០៦ ឆ្នាំ​២០០៩ ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៥​។​

​លោក​បណ្ឌិត ស៊ុ ម៉ាប់ បាន​រំឭក​ពី​គុណបំណាច់​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​បាន​គាំទ្រ​និង​ជំរុញ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដើម្បី​ភាពល្អប្រសើរ​ទាំង​ក្នុង​ស្ថាប័ន​និង​រមណីយដ្ឋាន​អង្គរ​។ លោក​ក៏បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​និង​សវន​ករ​ទាំងអស់​ដែល​បាន​ជួយ​ជំរុញ​ការធ្វើ​សវនកម្ម​កន្លងមក​បាន​ទទួលជោគជ័យ​និង​កិត្តិយស​សម្រាប់​ស្ថាប័ន​ជា​បន្តបន្ទាប់​។ យើង​ត្រូវ​ដឹងថា ប្រវត្តិសាស្ត្រ ប្រាង្គ​ប្រាសាទ ទំនៀមទម្លាប់​ប្រពៃណី សាសនា ស្ថាបត្យកម្ម វិស្វកម្ម រួមបញ្ចូល​ទាំង​បរិស្ថាន​ជុំវិញ​បេតិកភណ្ឌ​ផង ទើប​ធ្វើឱ្យ​អង្គរ​ទទួលបាន​តម្លៃ​និង​ជាប់​ជា​គោលដៅ​ទេសចរណ៍​លេខ​១​ដល់​ទៅ​៣​ឆ្នាំ​ជាប់​គ្នា ហើយ​លទ្ធផល​នេះ ក៏បាន​ពី​ការយកចិត្តទុកដាក់​និង​មានការ​ធានា​គុណភាព​បរិស្ថាន​តាម​ស្តង់ដារ​អន្តរជាតិ​ដែល​តែង​ទទួលជោគជ័យ​ពី​ការធ្វើ​សវកម្ម​កន្លងមក​៕