ទុនវិនិយោគ​វិស័យ​សំណង់​​ឆ្នាំ​២០១៧ មាន​ទឹកប្រាក់​ជាង៦​ពាន់​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 January, 2018 ក+ ក-

​ភ្នំពេញ ៖ វិស័យ​សំណង់​ដែល​កំពុង​រីក បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​២០​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ កើនឡើង​ជាង​៤០% បើ​ធៀប​នឹង​ឆ្នាំមុន ដោយ​នេះ​មិនទាន់​រាប់បញ្ចូល​ពលករ​ជំនាញ​បរទេស​នៅឡើយ ៖ V.O៖ យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៧ តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ទទួលបាន​កម្រៃ​ចាប់ពី​ជាង​៣​ម៉ឺន ដល់​៤​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។ ចំពោះ​កម្មករ​ជំនាញ និង​មេជាង​វិញ ទទួលបាន​ចាប់ពី​៥​ម៉ឺន ទៅជិត​៨​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។ ចំណែក​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ផ្សេងៗ​ទៀត ទទួលបាន​ប្រាក់បៀវត្ស​ចន្លោះ​ពី​៤០០ ទៅ​២៥០០​ដុល្លារ​ក្នុង​១​ខែ ។ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៧ ទុនវិនិយោគ​សរុប​ក្នុង​វិស័យ​សំណង់ មាន​ទឹកប្រាក់​ជាង​៦​ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន​គម្រោង​សរុប​ចំនួន​៣០៥២​គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​១០​លាន​ម៉ែត្រការ៉េ ខណៈ​ឆ្នាំ​២០១៦ ក្រសួង​បានអនុម័ត​គម្រោង​២៤០៥​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ជាង​១១​លាន​ម៉ែត្រការ៉េ និង​ទឹកប្រាក់​វិនិយោគ​ជាង​៥​ពាន់​លាន​ដុល្លារ​អាមេរិក ។ ក្រុមហ៊ុន​ជាច្រើន​ដែល​ក្នុង​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា មើលឃើញថា ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ វិស័យ​សំណង់​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​គុណភាព​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ប្រសើរឡើង ហើយ​គម្រោង​វិនិយោគ​វិស័យ​សំណង់​ធំៗ​នៅ​កម្ពុជា​មួយចំនួន​ក៏ត្រូវ​បាន​យកទៅដាក់​លក់​នៅ​បរទេស​ផងដែរ ។ ទន្ទឹមនេះ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ យល់ឃើញថា កម្ពុជា​ក៏បាន​បាត់បង់​ផលប្រយោជន៍​ច្រើន​ពី​កំណើន​នៃ​ការវិនិយោគ​ក្នុង​វិស័យ​សំណង់​ផងដែរ ដោយសារ​កម្ពុជា​បាន​នាំចូល​វត្ថុធាតុដើម​ភាគច្រើន​ពី​បរទេស​។ ដូចនេះ​បើ​មានការ​វិនិយោគ​វត្ថុធាតុដើម​ក្នុងប្រទេស​ឲ្យ​បាន​ច្រើន នឹង​ធ្វើអោយ​កម្ពុជា​ទទួល​បាន​ផល​ប្រ​យោ​ជ​ន៌​កាន់តែច្រើន ពី​វិស័យ​សំណង់​។ គួរ​បញ្ជាក់ថា តាម​របាយការណ៍​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏បាន​បង្ហាញ​ផងដែរ​ថា ក្រសួង​បានអនុញ្ញាត​ផ្តល់​លិខិត​សាងសង់ វិស័យ​សំណង់​នៅ​ទូទាំងប្រទេស ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៧ មាន​ចំនួន​៣​ម៉ឺន​៩៩០៣ គម្រោង មាន​ផ្ទៃក្រឡា​សរុប​ជាង​១០២​លាន​ម៉ែត្រក្រឡា និង​មានតម្លៃ​ទុនវិនិយោគ​សរុប​ជាង​៣៧​ពាន់​លាន​ដុល្លារ​អាមេរិក ៕