ក្រសួង​ដែនដី នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​សិក្សា​តាម​បណ្ដា​កោះ​ទាំងអស់​របស់​កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គ្រោង​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ផ្នែក​សុរិយោដី​ចុះទៅ​សិក្សា​នៅតាម​បណ្តា​កោះ​សរុប​ជាង​៧០​កោះ ក្នុង​ខេត្ត​ជាប់​សមុទ្រ​ទាំង​បួន​របស់ កម្ពុជា ដើម្បី​ពិនិត្យ​វាយតម្លៃ​ពី​សក្ដានុពល​វិនិយោគ និង​រៀបចំ​ផែនការមេ​ជាមុន កុំអោយ​កើតមាន បញ្ហា​នានា​ក្រោយ​ការវិនិយោគ ៖
​តាម​ការបញ្ជាក់​របស់ ឯ​.​ឧ​. ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ របស់​ក្រសួង កាលពីពេល​ថ្មីៗ​នេះ បានបង្ហាញ​ពី​គម្រោង​របស់​ក្រសួង​ដែនដី ក្នុងការ​បញ្ជូន​មន្ត្រី​ជំនាញ ទៅ​សិក្សា​លើ​កោះ​ទាំង​៧៥ ក្នុងប្រទេស​កម្ពុជា ដែល​ការចុះ​សិក្សា​នេះ អាច​នឹង​ចាប់ផ្ដើម​នៅ​ខែឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ​។ គម្រោង​នៃ​ការចុះ​សិក្សា​លើ​កោះ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​នេះ គឺ​ដើម្បី​ពិនិត្យមើល ពី​សក្ដានុពល​សម្រាប់​ការវិនិយោគ និង​ជៀសវាង​មិនអោយ​មានការ​សាងសង់​រំលោភ​លើ​ផ្ទៃ​កោះ​រួចហើយ ទើប​ហាមឃាត់ និង​រុះរើ​តាម​ក្រោយ ដូច​ទៅនឹង​ករណី​កន្លងមក​នៅលើ​កោះ​មួយចំនួន​។
​ខណៈដែល​រាជរដ្ឋាភិបាល​បានផ្តល់​សិទ្ធិ​សម្បទាន​ដល់​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ​នានា​ដើម្បី​អភិវឌ្ឍន៍​កោះ​ជាច្រើន រួចមកហើយ​នោះ គេ​មើលឃើញថា រហូតមកដល់​ពេលនេះ ក្នុង ចំណោម​បណ្តា​កោះ​ទាំងអស់ ក្នុង​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ គឺ​ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កែប និង ខេត្តកោះកុង គឺមាន​កោះ​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​ត្រូវបាន​អភិវឌ្ឍន៍ ជា​តំបន់រ​ម្មណី​ដ្ឋា​ន ទេសចរ​ណ៌​ឆ្នេរ​កោះ ដូចជា កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​ឋានសួគ៌ កោះទន្សាយ កោះដែកគោល កោះ​សង្សារ កោះ​ឫស្សី កោះក្របី កោះ​ស្តេច ជាដើម ប៉ុន្តែ​កោះ​ជាច្រើន​ទៀត​នៅ​មិនទាន់ ធ្វើការ​អភិ វ​ឌ្ឍ ទៅតាម​គម្រោង​នៅឡើយ​ទេ ដូចជា កោះពស់ ជាដើម ដែល​ត្រូវបាន​ផ្អាក​ដំណើរ​ការសាងសង់ រហូតមកដល់​ពេលនេះ​។ ទន្ទឹមនឹង​ការផ្តល់​សិទ្ធ​សម្រាប់​ការវិនិយោគ​និង​អភិវឌ្ឍ​ន៌​នៅលើ​បណ្តា​កោះ​នានា​ក្នុងប្រទេស​កម្ពុជា​នេះ សមាគម​ទេសចរ​ណ៌​នានា យល់ឃើញថា ជា​រឿង​ល្អ​សម្រាប់​ការទាញយក​ផល​ប្រ​យោ​ជ​ន៌ និង​ចំណូល​ពី​វិស័យ​ទេសចរ​ណ៌​នៅលើ​កោះ​នានា ប៉ុន្តែ​ការវិនិយោគ​ទាំងនោះ ក៏​គួរតែមាន​ការអភិរក្ស​ធម្មជាតិ និង ថែរក្សា​បរិស្ថាន​ផង ទើប​ការអភិវឌ្ឍ​នោះ​អាច​ផ្តល់​ផល​ប្រកបដោយ​ចីរភាព សម្រាប់​ទាំងអស់គ្នា ជារួម​គឺ​ជៀសវាង​ការអភិវឌ្ឍន៍​ហើយ​បំផ្លាញ​ដល់​បរិស្ថាន តាមរយៈ​ការបង្ហូរ​ទឹកស្អុយ ទឹក​កខ្វក់ និង​សម្រាម ចូលក្នុង​សមុទ្រ​ជាដើម ។
​គូរ​រំលឹកថា នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ក្នុង ខេត្ត កែប កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ ប្រមុខ​រាជ​រដ្ឋា​កម្ពុជា បានចាត់ទុក​វិស័យ ទេស ចរ​ណ៌​ដែលជា​មាស​បៃតង គឺជា​វិស័យ​អាទិភាព​មួយ​របស់​កម្ពុជា ដែល​បាន​ចូលរួម​កំណើន សេដ្ឋកិច្ច តាមរយៈ​ការផ្តល់​ការងារ​ធ្វើ ការបង្កើត​មុខរបរ ការបង្កើន​ប្រាក់ចំណូល​ដល់ ប្រជាពលរដ្ឋ ។ ទន្ទឹម​នោះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏ បានស្នើ​ឲ្យ​ក្រសួង ស្ថាប័ន រួម​និង​អាជ្ញាធរ​ដែនដី​គ្រប់ លំដាប់ ថ្នាក់ ចាំបាច់​រួមគ្នា​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ ក្នុង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ តំបន់ ឆ្នេរ កម្ពុជា ឲ្យ​មាន​និរន្តរភាព គឺ​ត្រូវ​រក្សា​ឆ្នេរសមុទ្រ​កម្ពុជា​អោយនៅតែ​ជា​ឆ្នេរសមុទ្រ​បៃតង ទឹកសមុទ្រ ស្អាត សម្រាប់​ភ្ញៀវទេសចរ​ណ៌​មុជ​! រួម​និង​ការពារ​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ ដែល​ស័ក្ដិ​សមជា សមាជិក​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​លោក​។
​សូមបញ្ជាក់ថា ឆ្នេរសមុទ្រ​កម្ពុជា​លាត សន្ធឹង​ប្រវែង​៤៤០​គីឡូម៉ែត្រ នៅក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តកំពត និង ខេត្ត​កែប​។ ក្នុងចំណោម​កោះ​ដែលជា​តំបន់​កម្សាន្ត ក្នុងប្រទេស​កម្ពុជា កោះរ៉ុង​ត្រូវបាន National Geographic ផ្តល់​ចំណាត់ថ្នាក់​ជា​ឆ្នេរសមុទ្រ​ប្រណីត​ជាងគេ ក្នុងចំណោម​ឆ្នេរសមុទ្រ ស្អាត​ទាំង ១០ របស់​ពិភពលោក ដែល​ការផ្តល់​ចំណាត់ថ្នាក់​នេះ គឺ​ផ្អែកលើ​កត្តា​ធម្មជាតិ​ស្រស់ស្អាត និង បរិយាកាស​បរិសុទ្ធ​តែ​ម្តង​៕( រូប ៖ កោះសង្សារ)