ផ្លូវ​ល្បឿន​លឿន​ដំបូងបង្អស់​នៅ​កម្ពុជា ភ្នំពេញ ខេត្ត​ព្រះសីហនុ នឹង​សាងសង់​ក្នុងឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2018 ក+ ក-

​ភ្នំពេញ ៖ ផ្លូវ​ល្បឿន​លឿន​ដំបូងបង្អស់​នៅ​កម្ពុជា ដែល​គ្រោង​នឹង​សាងសង់​ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះ សីហនុ ត្រូវបាន​សម្រេច​ឲ្យ​សាងសង់​ជា​ផ្លូវការ​ហើយ ក្រោម​កិច្ចព្រមព្រៀង​រវាង​ក្រសួង​សាធារណៈការ​កម្ពុជា និង​ក្រុមហ៊ុន​វិនិយោគ​ចិន នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លី ខឺ​ឈាង នាយករដ្ឋមន្ដ្រី​ចិន នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា កន្លងទៅនេះ​។​
​គម្រោង​ខាងលើនេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី ១១ ខែមករា ឆ្នាំ​២០១៨ នា​វិមាន​សន្តិភាព ដោយ​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ជាមួយ​សម​ភាគី​ចិន តំណាង​ដោយ​លោក Liu Qitao ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន​។​
​លោក វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា គម្រោង នេះ​អាច​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ដើមឆ្នាំ​២០១៨ នេះ​។ ផ្លូវ​ល្បឿន​លឿន​នេះ នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១.៩០០​លាន​ដុល្លារ ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​។ ផ្លូវ​នេះ នឹង​កាត់បន្ថយ​ចម្ងាយ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ មក​ត្រឹម​១៩០​គីឡូម៉ែត្រ ដែល​ត្រូវ​ចំណាយពេល​ធ្វើដំណើរ ត្រឹម​រយៈ ពេល ២​ម៉ោង​ប៉ុណ្ណោះ​។​
​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ ធ្លាប់បាន​បញ្ជាក់ថា អ្នកធ្វើដំណើរ​តាមផ្លូវ​ល្បឿន​លឿន​នេះ មិន​ត្រឹមតែ​ចំណេញ​ពេលវេលា កាត់បន្ថយ​ការកកស្ទះ​ចរាចរ ណ៍ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​សុវត្ថិភាព​ខ្ពស់​ទៀតផង​។ ហើយ​អ្នកធ្វើដំណើរ​ទាំងអស់ កុំ​បារម្ភ​មាន​គោក្របី​ឆ្លងកាត់ ព្រោះ​ផ្លូវ​នេះ ត្រូវធ្វើ​របង​បិទ​ជិត​ទាំងសងខាង និង​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដែល​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​។​
​ ​សូមជម្រាបថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ នឹងត្រូវ​សាងសង់​ដោយ​វិនិយោគិន​ចិន តាម​រូបភាព​វិនិយោគ សាងសង់​ធ្វើ​អាជីវកម្ម​-​ផ្ទេរ (BOT) ជា​ផ្លូវ ០៤​គន្លង មាន​ប្រវែង​សរុប ១៩០,៦៣ គីឡូម៉ែត្រ ចេញពី​ភ្នំពេញ រហូតដល់​ខេត្ត​ព្រះសីហនុ ជា​ផ្លូវ​ថ្មី​ទាំងស្រុង តួ​ផ្លូវ​មាន​ទទឹង ២៤​ម៉ែត្រ ក្រាល​កៅស៊ូ AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់ សម្រាក មាន​របង​បាំង​សងខាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត លើស ពីនេះ​ទៀត ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ ដែល​មិនអាច​កាត់ថ្លៃ​បាន ពី​ការ អភិវឌ្ឍន៍​ច្រករបៀង​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​ផងដែរ​៕