នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រកាស​បង្កើត​មូលនិធិ​គន្ធបុប្ផា​ដើម្បី​បន្តការព្យាបាល​កុមារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 January, 2018

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​បង្កើត​មូលនិធិ​គន្ធបុប្ផា​ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ និង​បន្ត​និរន្តរភាព​មន្ទីរពេទ្យ​ព្យាបាល​កុមារ​មួយ​នេះ បើទោះបីជា​គ្មាន​វត្តមាន​លោក Beat Richner ក៍ដោយ​។​
នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា​នៃ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ មករា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​បង្កើត​មូលនិធិ​គន្ធបុប្ផា ដើម្បី​ធ្វើការ​ប្រមូល​ធនធាន​ថវិកា​ឲ្យ​បាន​កាន់តែច្រើន សម្រាប់​មន្ទីរពេទ្យ​មួយ​នេះ បន្ត​និរន្ត​ភាព ការព្យាបាល​កុមារ​យ៉ាងច្រើន​នៅ​កម្ពុជា​។ នាយករដ្ឋមន្ត្រី ប្រកាសថា​សម្តេច​នឹងធ្វើ​ជា​ប្រធានកិត្តិយស​ក្នុង​មូលនិធិ​មួយ​នេះ ។
​ការប្រកាស​នាពេលនេះ ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ​បានប្រកាស និង​ដាក់​ឲ្យ​អនុត្ត​ន៍​នូវ​មូលនិធិ​សម្រាប់​គាំពារ​អ្នកធាក់ស៊ីក្លូ​កាលពី​ថ្ងៃទី​១៣ ខែមករា កន្លងទៅនេះ​។ នាយករដ្ឋមន្ត្រី ថ្លែងថា មាន​មូលនិធិ​គន្ធបុប្ផា​មួយ​នៅ​ស្វី​ស​រួចហើយ តែ​យើង​នឹង​បង្កើត​នៅ​កម្ពុជា​មួយទៀត ដោយ​សម្តេច​នឹង​ធ្វើជា​ប្រធានកិត្តិយស​ចំពោះ​មូលនិធិ​នេះ មិនត្រូវ​និយាយថា បាត់​លោក រ៉ិ​ច​ឆ្នើ មួយ មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​ដួលរលំ​នោះទេ​។​
​គួរបញ្ជាក់​ដែរ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០១៧ កន្លងទៅ មន្ទីរពេទ្យ​គន្ធបុប្ផា បានធ្វើការ​ពិនិត្យ និង​ព្យាបាល​កុមារ​ចំនួន ៩០​ម៉ឺន ៩​ពាន់​១៩២​នាក់ ក្នុងនោះ មានការ​វះកាត់​ចំនួន​២​ម៉ឺន​៦​ពាន់​៤៤២​នាក់ និង​ពិនិត្យ​ព្យាបាល និង​សម្ភព​ស្ត្រី មាន​ផ្ទៃពោះ​បាន​ប្រមាណ​ជាង​១៥​ម៉ឺន ៤​ពាន់​នាក់​។ ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​ប្រមាណ ៦៣២​លាន​ដុល្លារ​អាមេរិក ដើម្បី ទ្រទ្រង់​ដល់​ដំណើរ​នៃ​ការពិនិត្យ និង​ព្យាបាល​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​។
​គួរកត់សំគាល់​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើន​ថវិកា​សម្រាប់​ទ្រទ្រង់​ដល់​ដំណើរការ​មន្ទីរពេទ្យ​ពី​៣​លាន​ដុល្លារ​ដល់​៦​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ និង​បន្ត​ឆ្នាំ​២០១៨ នេះ ទន្ទឹមនឹងនោះ​កាកបាទក្រហមកម្ពុជា​ក៍​បាន​ឧបត្ថម្ភ​ចំនួន​១​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ​ផងដែ​ថ​។ ក្រៅពីនោះ រាជរដ្ឋាភិបាល​បាន​កាត់​ប្រាក់​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ចំនួន​ពីរ​ភាគរយ​នៃ​តម្លៃ​សំបុត្រ​។
​នាយក រដ្ឋមន្ត្រី​កន្លងទៅ​ក៍​បានប្រកាស​ដែរ​ថា នឹង​បន្ត​និរន្តរភាព​ទ្រទ្រង់​ដល់​ដំណើរការ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា នេះដែរ បើទោះបីជា​មន្ទីរពេទ្យ​មួយ​នេះ អស់​ជំនួយ​ពី​ប្រទេស​ស្វី​ស យ៉ាងណា​ក៍ដោយ​៕