កម្ពុជា​-​ឥណ្ឌា ៖ ការបើក​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2018 ក+ ក-

​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃទី​២២ មករា​ម្សិលមិញ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានទទួល​ជួប​លោកជំទាវ មា​នី​កា ជេន Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ដែល​ទើបនឹង​ចូលកាន់​តំណែង ដើម្បី​សម្តែង​ការគួរសម និង​សំណេះសំណាល​ការងារ​មួយចំនួន​។​

​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ក្រុម​អ្នកព័ត៌មាន​ថា ក្នុងជំនួប​នោះ​លោកជំទាវ មា​នី​កា ជេន Manika Jain បាន​ថ្លែង​បង្ហាញ​អំពី​បំណង​របស់​ឥណ្ឌា ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​កម្ពុជា ដើម្បី​ជំរុញ​អ្នកទេសចរ​មក​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត ខណៈ​ឆ្នាំ​២០១៦​កន្លង​អ្នកទេសចរ​ឥណ្ឌា​មក​កម្ពុជា មាន​ជាង ៤​សែន​នាក់​។ លោកជំទាវ​សង្ឃឹមថា អ្នកទេសចរ​ឥណ្ឌា​មក​កម្ពុជា នឹងមាន​ចំនួន​កើនឡើង​កាន់តែច្រើន​។​

​ក្នុងជំនួប​នោះ​លោក ទេសរដ្ឋមន្ត្រី និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត ក៏បាន​ពិភាក្សាគ្នា​ផ្តោត​សំខាន់​លើ​ការត្រៀម​រៀបចំ​សម្រាប់​ដំណើរ ទស្សនកិច្ច​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅកាន់​ប្រទេស​ឥណ្ឌា ដើម្បី​ចូលរួម​ប្រជុំ​រំ​លឹ​ខួប​អនុ​ស្សាវ​រី​យ៌​អាស៊ាន​-​ឥណ្ឌា និង​បំពេញ​ទស្សនកិច្ច​ពីថ្ងៃ​ទី​២៥-២៨ ខែមករា​។​

​លោក​ទេសរដ្ឋមន្ត្រី និង​លោក ជំទាវ មា​នី​កា ជេន បាន​ពិភាក្សាគ្នា​លើ​ការ​តៀម​ឯកសារ​សម្រាប់​ការចុះហត្ថលេខា​នៅក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។ ក្នុងឱកាស​នោះដែរ​សម្តេច​តេ​ជោ​នាយក​រដ្ឋ មន្ត្រី​និង​ថ្លែង​សន្ទរកថា​គ​ន្លឹ ស្តីអំពី​ឱកាស​វិនិយោគទុន​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​វិនិយោគទុន​ឥណ្ឌា ឲ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា ហើយក៏​ជា​ឱកាស​បង្កើត​នូវ​ទំនាក់ទំនង​រវាង​ធុរៈកិច្ច​ជនកម្ពុជា ជាមួយ​ធុរៈកិច្ច​ជន​ឥណ្ឌា​។​

​ប្រមុខ​ការទូត​កម្ពុជា និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​វាយតម្លៃថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឥណ្ឌា​នាពេល​ខាងមុខនេះ គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ឲ្យ​ភាគី​ទាំងពីរ ពិភាក្សាគ្នា​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ទំនាក់ទំនង​មិត្តភាព​ដ៏​ល្អ និង​កិច្ច សហប្រតិបត្តិការ​គ្នា​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំងពីរ​។​

​ក្នុងជំនួប​ម្សិលមិញ​នេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​ពិភាក្សាគ្នា​ទាក់ទង​កិច្ចសហការ​ទ្វេភាគី ពិសេស​ការផ្សាភ្ជាប់​គ្នា ដោយបាន​ឯកភាពគ្នា​ឲ្យ​មាន​ជើងហោះហើរ​ត្រង់ ព្រោះ​ការហោះហើរ​ត្រង់នេះ​មាន​សារៈសំខាន់​នៃ​កិច្ចសហការ​ផ្នែក សេដ្ឋកិច្ច និង​ការផ្លាស់ប្តូរ​ទេសចរ​ណ៏ ប្រទេស​ទាំងពីរ និង​ការផ្លាស់ប្តូ​រពា​ពិ​ជ្ជ​កម្ម​ជាមួយគ្នា​ឲ្យ​ធំ​ជាង​មុន និង​ជំរុញ​អ្នកវិនិយោគទុន​ឥណ្ឌា​មក​កម្ពុជា​ផងដែរ​៕