អត្រាពន្ធ​ថ្មី នឹង​ធ្វើឱ្យ​រថយន្ត​ឡើងថ្លៃ តែ​តម្លៃ​ទូរស័ព្ទ​ធ្លាក់ចុះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2018 ក+ ក-

​ភ្នំពេញ ៖ ការកែសម្រួល​អត្រាពន្ធ​អាករ​ថ្មី​ក្នុង​ឆ្នាំ​២០១៨ អាចធ្វើអោយ​តម្លៃ​រថយន្ត​ឡើងថ្លៃ ចំណែក​តម្លៃ​ទូរស័ព្ទ​នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​។

ចាប់តាំងពី​ថ្ងៃ​១ ខែមករា ឆ្នាំ​២០១៨​មក មុខទំនិញ​មួយចំនួន ត្រូវបាន​ចាប់ផ្ដើម​អនុវត្ត ទៅតាម​អត្រាពន្ធអាករ​ថ្មី ក្រោយ​មាន​ប្រកាស​សម្រេច​កែសម្រួល​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា កាលពី​ថ្ងៃទី​១២ ខែធ្នូ​ឆ្នាំ​២០១៧​។

យោងតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មុខទំនិញ​ដែល​ត្រូវ​តម្លើង​អត្រាពន្ធអាករ​នោះ រួមមាន រថយន្ត​ប្រភេទ​គ្រួសារ​ប្រើប្រាស់​ប្រេងឥន្ធនៈ​សុទ្ធ ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី ៣០០០ cc ត្រូវ​ដំឡើង​អាករ​ពិសេស​បន្ថែម​៥% ពី​អាត្រា​ចាស់​ចំនួន ៦៥% ឡើងដល់ ៧០%​។ មានន័យថា រថយន្ត​មួយ ចំនួន​ដូចជា Highlander, Lexus RX និង​ប្រភេទ​រថយន្ត Pick Up ជាដើម ដែល​នាំចូល​មកដល់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ នឹងត្រូវ​តម្លើងថ្លៃ​លក់​ក្នុង​ទីផ្សារ​។ ទន្ទឹមនេះ តម្លៃ​លក់​រថយន្ត​នៅតាម​ក្រុមហ៊ុន និង​កន្លែង​លក់​មួយចំនួន​អាច​នៅ​រក្សា​តម្លៃ​លក់​ចេញ​ដូច​មុន​ចំពោះ​រថយន្ត​ដែល​បាន​នាំ​ចូលមក​កម្ពុ​ជាមុន​ឆ្នាំ​២០១៨ ប៉ុន្តែ​រថយន្ត​ដែល​នាំ​ចូលមក​ក្រោយ ការកំណត់​ដំឡើង​អាករ​ថ្មី​បន្ថែម​៥​ភាគរយ​នេះ អាច​នឹងត្រូវ​ដំឡើង​ក្នុងតម្លៃ​លក់​ថ្លៃ​ជាង​មុន ។ ទន្ទឹមនេះ សេចក្តីប្រកាស​មួយទៀត របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​ផ្ញើជូន​ពាណិជ្ជករ និង​ធុរជន​នាំចូល​រថយន្ត​នោះ បាន​បញ្ជាក់ថា ពន្ធ​មួយ​ប្រភេទ​ទៀត​សម្រាប់​ការ​នាំចូល​រថយន្ត គឺ​កើនឡើង​រហូតដល់​១១០% ក្នុង​ឆ្នាំ​២០១៨​នេះ​។

​ជាការ​កត់សំគាល់ ការ​តម្លើង​ពន្ធ​ថ្មី​នេះ អាច​នឹង​ប៉ះពាល់​ដល់​តម្លៃ​រថយន្ត​ថ្មី ដោយ ក្រុមហ៊ុន​នាំចូល​រថយន្ត​ធំៗ​នៅក្នុង​រាជធានី​ភ្នំពេញ យល់ឃើញថា ការដំឡើង​ពន្ធ​រថយន្ត​ពី​៦៥ ទៅ​៧០% ដែល​ប្រកាស​កាលពី​ចុងឆ្នាំ​២០១៧ គ្មានអ្វី​ជា​ឧបសគ្គ​ទេ ក៏ប៉ុន្តែ ពន្ធ​មួយ​ប្រភេទ​ទៀត​ដែល​ត្រូវបាន​ប្រកាស​ដំឡើង ពី​អាត្រា​ចាស់​ជាង​៨០ ទៅ​អាត្រា​ពន្ធ​ថ្មី​ដល់​១១០% នឹងធ្វើ​អោយ​ក្រុមហ៊ុន​លក់​រថយន្ត​ថ្មី​ជួប​ការលំបាក ដោយសារ​តម្លៃ​រថយន្ត​ថ្មី​ខ្ពស់​ខ្លាំង​នឹង​ជំ​រុញអោយ​ប្រជាពលរដ្ឋ​ងាក​ទៅ​ទិញ​រថយន្ត​មួយ​តឹក​កាន់​ច្រើន​។

ទន្ទឹមនេះ ក៏មាន​ការយល់ឃើញ​ពី​អ្នកលក់​រថយន្ត​មួយចំនួន​ដែរ​ថា គោលការណ៍​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​តម្លើង​ពន្ធ​នាំចូល​រថយន្ត​នេះ គឺ​កាត់​បន្ថយពន្ធ​ពី​មាន​ជីវភាព​កំរិត​ទាប និង​មធ្យម ហើយ​ដំឡើង​ពន្ធ​ពី​អ្នកមាន​ជីវភាព​ធូរធារ​ដែលមាន​លទ្ធភាព​ទិញ​រថយន្ត​ថ្មី​។

​យោងតាម​របាយការណ៍​របស់​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន បង្ហាញថា គិត​ចាប់ពី​ឆ្នាំ​១៩៩០ មក​ត្រឹម​ឆ្នាំ​២០១៧ មាន​យានយន្ត និង​ទោចក្រយានយន្ត​ចុះបញ្ជី​នៅ​ក្រសួង ជាង​៤​លាន​គ្រឿង ក្នុងនោះ​រថយន្ត​ធុន​ស្រាល​ជាង​៣៧​ម៉ឺន​គ្រឿង ស្មើ​៩,៣%, រថយន្ត​ធុន​ធ្ងន់​ជាង​២១​ម៉ឺន​គ្រឿង ស្មើ​៥,៤% និង​ទោចក្រយានយន្ត​ជាង​៣,៤​លាន​គ្រឿង ស្មើ​៨៥,៣% ។

ដោយឡែក ងាក​មក​មើល​តម្លៃ​ទូរស័ព្ទ​ក្រោយ​ប្រកាស​អាករ​ថ្មី​ក្នុងឆ្នាំនេះ​វិញ អាច​នឹងមាន​ការធ្លាក់​ថ្លៃ​បន្តិច ដោយសារ ក្នុង​គោល​ការ​ណ៌​សម្រួល​អាត្រា​ពន្ធ​ថ្មី គឺ​ការ​នាំចូល​ទូរស័ព្ទ​ត្រូវបាន​កាត់បន្ថយ​អាករ​ពិសេស​ពី​ចំនួន ១០% មក​នៅត្រឹមតែ ៥%​ប៉ុណ្ណោះ​។ ដូចនេះ តម្លៃ​លក់​ទូរស័ព្ទដៃ​ទំនើបៗ ក្នុងឆ្នាំនេះ រំពឹងថា នឹង​ធ្លាក់ចុះ​ទាប​ជាង​កាលពី​ឆ្នាំមុន​។

សូមបញ្ជាក់ថា នៅក្នុង​សេចក្តីសម្រេច​កែសម្រួល​អាត្រា​ពន្ធអាករ​ក្នុង​ឆ្នាំ​២០១៨​នេះ មុខទំនិញ មួយចំនួន​ក៏ត្រូវ​បាន​ទម្លាក់​អាត្រា​ពន្ធ​នាំចូល​ផងដែរ ដូចជា គ្រឿង​ឧ​បករ​ណ៌​មេកានិច​បាញ់​ព្រួស​សម្រាប់​កសិកម្ម ត្រូវបាន​ទម្លាក់​ពី​អាត្រា​ពេលមុន​១៥​ភាគរយ មក​នៅ​០​ភាគរយ​តែម្តង​។ ការ​នាំចូល​សាច់សត្វ សាច់​ត្រី សាច់សត្វ​រស់នៅក្នុង​ទឹក ត្រូវបាន​ទម្លាក់​ពី​អាត្រា ៣៥​ភាគរយ មក​នៅត្រឹម ១៥​ភាគរយ​។ ទឹកដោះគោ​រាវ ម្សៅ​ទឹកដោះគោ ម្សៅ​ស្រូវ​សាលី ត្រូវបាន​បញ្ចុះ​អាត្រា​ពី​១៥ មក​នៅត្រឹម​៧​ភាគរយ​។

​ប៉ុន្តែ​ការនាំ​ចូល ស៊ីម៉ង់​ដ៍ ត្រូវបាន​ដំឡើង​អត្រាពន្ធអាករ​ពិសេស​ពី​០​ភាគរយ កាលពី​ពេលមុន មក​៥​ភាគរយ ក្នុង​ឆ្នាំ​២០១៨ នេះ​៕